សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រដ្ឋនឹងបន្ថែមគោលនយោបាយលើកទឹកចិត្តដល់ឧស្សាហកម្មធុនធ្ងន់
ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តមួយចំនួនទៀតនាពេលខាងមុខ ដើម្បីធ្វើឱ្យក្រុមហ៊ុនមួយចំនួនដូចជា ការផលិតរថយន្តជាដើម អាចជួយទៅដល់ឧស្សាហកម្មទាំងនេះ ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រផ្តុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មម៉ាក GAC នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសរំលេចថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះសរុប ២៤៨ លានដុល្លារ ដោយបានបង្កើតការងារសរុប ២៧៧៤ កន្លែង ។
ទន្ទឹមគ្នានេះដែរសម្ដេចធិបតីបានជំរុញឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពិនិត្យមើលការកំណត់បន្ថែមទៀតនៃការពង្រីក ចំនួនក្រុមហ៊ុនដំឡើងរថយន្ត ខណៈសម្ដេចមើលឃើញថា ក្រុមហ៊ុនដំឡើងរថយន្តទៅថ្ងៃក្រោយ នឹងឈានទៅដល់ការផលិតកម្រិតណាមួយដែលជាការវិនិយោគធំ និងទីផ្សារចំពោះការផលិត ។សម្ដេចធិបតីបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន និងរោងចក្រទាំងអស់មានសមត្ថភាពផលិតរថយន្តបានចំនួន ៣៥.០០០ គ្រឿងរួចទៅហើយ។ សម្ដេចធិបតីបានបន្តដោយលើកជាសំណួរថា ដូច្នេះត្រូវពិនិត្យមើលថា តើត្រូវផ្ដល់បន្ថែមទៀត ឬត្រូវបន្ថយល្បឿនវិញ? ។
ការរោងចក្រផ្គុំ និងដំឡើងរថយន្ត បានជួយកាត់បន្ថយការនាំចូលផលិតផលសម្រេចពីខាងក្រៅជំនួសមកវិញនូវការផលិត ផ្គុំក្នុងស្រុករក្សាបាននូវរូបិយបណ្ណបរទេស និងបង្កើនតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស។ សម្ដេចធិបតីបញ្ជាក់លើអំណះអំណាងនេះថា បើយើងនាំចូលមក, យើងបង់តែលុយៗទាំងអស់នៅក្រៅ ទាំងលុយសម្រាប់ពលកម្មជាដើម ។ប៉ុន្ដែយើងដំឡើងនៅក្នុងស្រុកមួយផ្នែកថវិកាចូលទៅដល់បុគ្គលិកក្នុងស្រុករបស់យើង ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការបង្កើតរោងចក្រសហគ្រាសនៅប្រទេសកម្ពុជា មិនត្រឹមតែជាការបង្កើតការងារនោះទេ តែជាការផ្ទេរជំនាញពិតប្រាកដ ការបណ្តុះបណ្តាលជំនាញលើវិស័យទាំងនោះដល់កូនខ្មែរ ។ រោងចក្រសហគ្រាស ដែលមានវត្តមាននៅកម្ពុជា ចាំបាច់ណាស់បណ្ដុះបណ្តាលជំនាញដល់បុគ្គលិកខ្មែរ ដើម្បីឱ្យច្រវាក់ផលិតកម្មរបស់ខ្លួនកាន់តែរីកចម្រើន ៕
ដោយ៖ស៊ូ វណ្ណលុក




