សិស្សានុសិស្សមកពីគ្រួសារក្រីក្រ ជិត ៤៣ម៉ឺននាក់ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល

សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ ជិត៤៣ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាលតាំងពីដើមឆ្នាំ២០២៥មក។ គោលនយោបាយនេះមិនត្រឹមតែចូលរួមចំណែកសម្រាលជីវភាពគ្រួសារក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមពង្រឹងការសិក្សារបស់សិស្ស ដែលឆ្លុះបញ្ចាំងជាក់ស្តែងតាមរយៈលទ្ធផលប្រឡងបាក់ឌុបនាពេលកន្លងទៅ។

ក្នុងគោលបំណងលើកកម្ពស់ការសិក្សាអប់រំ និងជាពិសេសចូលរួមកាត់បន្ថយអត្រានៃការបោះបង់ការសិក្សាចំពោះគ្រួសារក្រីក្រ ក៏ដូចជាឈរលើគោលការ “មិនបោះបង់ពលរដ្ឋណាម្នាក់”, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធគាំពារសង្គម បានសម្រេចដាក់ចេញនូវកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា កាលពីដើមឆ្នាំ២០២៥ ដើម្បីផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសារក្រីក្រមានបណ្ណសមធម៌ ដែលមានសមាជិកសិក្សានៅបឋមសិក្សា (ថ្នាក់ទី១ ដល់ទី៦) និងមធ្យមសិក្សា(ថ្នាក់ទី៧ ដល់ថ្នាក់ទី១២)។

កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សានេះ ស្ថិតក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

គិតត្រឹមខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិស្សានុសិស្សនៅបឋមសិក្សា និងមធ្យមសិក្សាក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ សរុបចំនួនជិត ៤៣ម៉ឺននាក់នៅទូទាំងប្រទេស។ ដើម្បីអនុវត្តកម្មវិធីនេះ រាជរដ្ឋាភិបាលគ្រោងវិភាជថវិកាប្រមាណ ៣០លានដុល្លារ ក្នុង១ឆ្នាំៗ ។

កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយសម្ពាធថវិកាក្នុងគ្រួសារ ព្រមទាំងជួយទប់ស្កាត់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ។

ជាការកត់សម្គាល់, នៅក្នុងឆ្នាំ២០២៦នេះ សិស្សានុសិស្សដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ ចំនួន ៦ ២៩១ នាក់ មានឱកាសចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ក្នុងចំណោមនោះមានសិស្សានុសិស្សចំនួន ៦១ នាក់ បានប្រឡងជាប់និទ្ទេស A ទៀតផង។

លទ្ធផលនេះបានស្តែងឲ្យឃើញយ៉ាងច្បាស់ថា កម្មវិធីដែលបានបើកផ្តល់ប្រាក់ឧបត្ថម្ភជូនសិស្សានុសិស្សតាំងពីខែមករា ឆ្នាំ២០២៥ មកនេះ មិនត្រឹមតែចូលរួមចំណែកសម្រាលជីវភាពប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមវិនិយោគចំគោលដៅលើធនធានមនុស្ស យ៉ាងពិតប្រាកដ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner