លោកជំទាវ ឃួន សុដារី ដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីចូលរួមវេទិកានយោបាយអាស៊ី-អ៊ឺរ៉ុប (AEPF) លើកទី៣ និងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍អាយកាប់ (ICAPP) លើកទី៣២ នៅរដ្ឋធានីកូឡុំបូ នៃប្រទេសស្រីលង្កា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញចូលរួមវេទិកានយោបាយអាស៊ី-អ៊ឺរ៉ុបលើកទី ៣ (3rd Asia-Europe Political Forum-AEPF) និងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ លើកទី៣២ របស់ ICAPP (32nd Meeting of the ICAPP Standing Committee) នៅរដ្ឋធានីកូឡុំបូ នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា រយៈពេល៣ថ្ងៃរួចមក លោកជំទាវ ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (អាយកាប់-ICAPP) ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី និងជាសហប្រធានវេទិកានយោបាយអាស៊ីអឺរ៉ុប (AEPF) បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជាត្រឡប់មកមាតុប្រទេសវិញហើយ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។

វេទិកានយោបាយអាស៊ី – អឺរ៉ុបលើកទី៣ គណៈប្រតិភូប្រជាជនកម្ពុជាបានរាយការណ៍ជូនអង្គប្រជុំអំពីសមិទ្ធិផលនានា ដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានចាប់តាំងពីទសវត្សន៍៩០ រួមមានការបង្កើតគោលនយោបាយជាតិ ស្តីពីជនចាស់ជរា ការបង្កើតសមាគមន៍ចាស់ជរា ការជំរុញឱ្យមានការថែទាំមនុស្សចាស់ក្នុងគ្រួសារ ការបង្រៀនមនុស្សជំនាន់ក្រោយឱ្យមានការគោរពចាស់ទុំ និងរៀនសូត្រពីចក្ខុវិស័យ ចំណេះដឹង បញ្ញាញាណ និងបទពិសោធន៍របស់មនុស្សចាស់ និងការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងការគាំទ្រ និងលើកស្ទួយសុខមាលភាពជនចាស់ជរា។

កិច្ចប្រជុំបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍ទីក្រុងកូឡុំបូ ដែលបានសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ៗដូចជា ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងសមាជិក ICAPP និងដៃគូនៅទ្វីបអឺរ៉ុប ដើម្បីលើកកម្ពស់ការអនុម័ត និងការអនុវត្តគោលនយោបាយដោះស្រាយបញ្ហាប្រឈមនានារបស់មនុស្សចាស់ ដូចជាភាពក្រីក្រ ការរើសអើង និងការមិនទទួលបាននូវសេវាសុខាភិបាល ការធ្លាក់ចុះប្រាក់ចំណូល រួមនឹងការផ្តល់ការងារដល់មនុស្សចាស់ ការលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់ភាពវិជ្ជមានរបស់មនុស្សចាស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងសាសនា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៣២ បានពិភាក្សាទៅលើប្រធានបទជាច្រើន មានជាអាទ៌លទ្ធផលសម្រេចបាននាពេលកន្លង និងផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់របស់ ICAPP។ គណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានកំណត់រៀបចំមហាសន្និបាតលើកទី១១ នៅខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៤ នៅខែឧសភា ឆ្នាំ២០២០ នៅទីក្រុងប្រាក (Prague) សាធារណរដ្ឋឆែក ដោយផ្អែកទៅលើមូលដ្ឋានប្តូរទីតាំងប្រជុំម្នាក់ម្តងរវាងអាស៊ី និងអឺរ៉ុប។ ចំណែកសន្និសីទពិសេសស្តីអំពីកិច្ចសន្ទនាអន្តរសាសនានឹងត្រូវធ្វើឡើងនៅខែសីហា ឆ្នាំ២០២០ នៅទីក្រុងខាត់ម៉ាន់ឌូ ប្រទេសនេប៉ាល់។ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាបានឆ្លៀតឱកាសជួបសំណះសំណាល និងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយតំណាងប្រទេសសមាជិក ICAPP មកពីសភាអឺរ៉ុប ប្រទេសរុស្ស៊ី ទួគី ចិន ឥណ្ឌា កូរ៉េ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងនេប៉ាល់។

គួឲ្យកត់សម្គាល់ អ្នកតំណាងទាំងនោះបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន ក៏ដូចជាការអភិវឌ្ឍយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។
គួររំលឹកផងដែរថា កិច្ចប្រជុំនេះគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នៅរដ្ឋធានីកូឡុំបូនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា ដោយផ្តោតលើប្រធានបទស្តីពី «តួនាទីរបស់គណបក្សនយោបាយក្នុងការដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខសង្គម និងការងារសម្រាប់កំណើនប្រជាជនវ័យចំណាស់ ក៏ដូចជាបញ្ហាសំខាន់នានានៅក្នុងតំបន់អាស៊ីនាពេលបច្ចុប្បន្ន»៕ធ.ដ

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner