កម្ពុជាបញ្ជាក់ជំហរច្បាស់លាស់ នឹងមិនឱ្យក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ
នៅចំពោះមុខសហគមន៍អន្តរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាដាច់ខាតមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ មកជ្រកកោន ឬប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបំផ្លាញវឌ្ឍនភាពជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ១៧លាននាក់នោះឡើយ។
ក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនបានចាប់ផ្ដើមនៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនបានកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះដែរ។
សម្តេចសង្កត់ធ្ងន់ថា ការពាក់ព័ន្ធដំបូងរបស់កម្ពុជាជាមួយបញ្ហានេះ ត្រូវបានផ្សាភ្ជាប់ទៅនឹងកំណើននៃល្បែងបច្ចេកវិទ្យា និងធុរកិច្ចនានាជាប់ទាក់នឹងឧស្សាហកម្មកាស៊ីណូ។ បណ្តាញឧក្រិដ្ឋកម្មបានវិវត្តខ្លួនសម្របខ្លួនឆ្លងកាត់ព្រំដែនយ៉ាងឆាប់រហ័ស ក្រោមរូបភាពអចលនទ្រព្យ ពាណិជ្ជកម្ម ចន្លោះប្រហោងនៃបទប្បញ្ញតិ និងបណ្តាញទុរគមនាគមយ៉ាងស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។
សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ជំហរច្បាស់លាស់ថា កម្ពុជានឹងមិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ សម្ដេចចាត់ទុកថា ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីមួយក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈខុសប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់កម្ពុជា ហើយកម្ពុជា នឹងមិនអនុញ្ញាតឱ្យបណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ផងដែរថា ការប្រឆាំងការឆបោកតាមអនឡាញមិនគួរប្រើជាឧករណ៍សម្រាប់ប្រឆាំងប្រទេសណាមួយផ្សេងទេ ហើយក៏មិនត្រូវប្រើជាលេសសម្រាប់វាយប្រហារ ឬកាន់កាប់ដែនអធិបតេយ្យរបស់ប្រទេសណាមួយផ្សេងទៀតដែរ ព្រោះនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ រឿងអកុសលនេះបានកើតឡើងលើប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។
ដោយឡែក ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ថា ប្រទេសកម្ពុជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។ ប៉ុន្តែកម្ពុជាត្រូវបានជ្រើសរើសគោលដៅមួយក្នុងចំណោមប្រទេសផ្សេងទៀត ក្នុងការប្រព្រឹត្តសកម្មភាពឆបោក ។
ឯកឧត្តមលើកឡើងថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដែលជាជនបរទេស បានប្រើប្រាស់ប្រទេសកម្ពុជា ដើម្បីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅលើជនរងគ្រោះនៅក្រៅប្រទេស រួមទាំងប្រជាជនកម្ពុជាផងដែរ។ ផលប៉ះពាល់អវិជ្ជមានបានកើតឡើងលើគ្រប់វិស័យ ទាំងលើផ្នែកសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ទេសចរណ៍ ការវិនិយោគ និងសេដ្ឋកិច្ចទាំងមូល ជាពិសេសកេរ្តិ៍ឈ្មោះ មុខមាត់ សេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាកអន្តរជាតិ ។
ចំណែកលោកស្រី Delphine Schantz អ្នកតំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានថ្លែងថា កម្ពុជាគឺជាប្រទេសគំរូមួយក្នុងការបង្រ្កាបការឆបោកតាមអនឡាញ ចំពោះមុខការកើនឡើងនូវមជ្ឈមណ្ឌលឆបោកថ្មីៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការណ៍បានបង្ហាញតាមរយៈប្រតិបត្តិការបង្ក្រាបទីតាំងមជ្ឈមណ្ឌលឆបោកបានជាច្រើន ។
សូមបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រៀបចំឡើងនៅថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”៕



ដោយ៖ ទួន សុផល + វណ្ណលុក