សោកស្តាយ! ដំរីនៅសួនសត្វភ្នំតាម៉ៅមួយក្បាលទៀតបានស្លាប់ដោយសារជំងឺ
ដំរីមួយក្បាលឈ្មោះថា «សាគរ» អាយុ ៣៤ ឆ្នាំ ដែលរស់នៅសួនសត្វភ្នំតាម៉ៅ បានបាត់បង់ជីវិតកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីធ្លាក់ខ្លួនឈឺ ជាមួយអាការៈហើមពោះខ្លាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ។
សាគរត្រូវបានពេទ្យសត្វជំនាញខិតខំប្រឹងប្រែងព្យាបាលអស់ពីសមត្ថភាពហើយ ប៉ុន្តែជាអកុសលជីវិតរបស់ដំរីជំទង់នេះមិនអាចជួយសង្គ្រោះបាន។ ក្រុមគ្រូពេទ្យសត្វកំពុងធ្វើកោសល្យវិច័យ និងពិនិត្យបន្ថែមទៀតអំពីមូលហេតុនៃការស្លាប់របស់សាគរ។
ដំរីសាគរ កើត និងធំធាត់ នៅក្នុងខេត្តកោះកុង ដោយត្រូវបានប្រទះឃើញដំបូងនៅក្នុងស្រុកបុទុមសាគរ។ សាគរ ត្រូវបានសង្គ្រោះ និងបញ្ជូនមកកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅកាលពីឆ្នាំ២០១២ ហើយបានក្លាយជាសមាជិកដ៏សំខាន់ និងជាទីស្រឡាញ់នៅក្នុងហ្វូងដំរីនៃសួនសត្វភ្នំតាម៉ៅរហូតមកដល់បច្ចុប្បន្ន។
ថ្នាក់ដឹកនាំ និងក្រុមការងារទាំងមូលនៃសួនសត្វភ្នំតាម៉ៅ បង្ហាញការសោកស្តាយ និង ក្តីអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់សត្វដំរីដ៏គួរឱ្យស្រឡាញ់នេះ។
បន្ទាប់ពីការស្លាប់របស់សាគរ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៅមានដំរីសរុបចំនួន៤ក្បាល ក្នុងនោះមានឈ្មោះ ឈូក ចម្រើន ចាណាម និងលំផាត់៕

សៅ សុខអេង