កម្ពុជា ត្រៀមបង្កើត«មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ កំពុងសិក្សាពិនិត្យលទ្ធភាពបង្កើត «មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿននៃការឆ្លើយតបចំពោះបទល្មើសអនឡាញឱ្យបានទាន់ពេលវេលា។
កម្ពុជាបានបង្ហាញពីឆន្ទៈម៉ឺងម៉ាត់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដី។ ថ្លែងក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២៣ ខែកញ្ញា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីឫសគល់នៃបញ្ហាសកលនេះ ព្រមទាំងទិសដៅយុទ្ធសាស្ត្រថ្មីៗរបស់រាជរដ្ឋាភិបាល។
ប្រមុខក្រសួងមហាផ្ទៃបានរំលេចថា ការកើនឡើងយ៉ាងគំហុកនៃបទល្មើសឆ្លងដែននេះ បណ្តាលមកពីមធ្យោបាយប្រព្រឹត្តមានភាពងាយស្រួលខ្លាំង ដោយគ្រាន់តែមានប្រព័ន្ធអ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិច។ ទន្ទឹមនឹងនេះ ភាពចន្លោះប្រហោងនៃច្បាប់ និងដែនយុត្តាធិការរវាងប្រទេសនីមួយៗ បានក្លាយជាឱកាសឱ្យក្រុមឧក្រិដ្ឋជនកេងចំណេញ ខណៈការចំណាយដើមទុនតិចតែទទួលបានផលចំណេញមហាសាល។ បន្ថែមលើនេះ ការផ្លាស់ប្តូរទម្លាប់រស់នៅ និងការធ្វើពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋមកជាការទំនាក់ទំនង និងទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល រួមទាំងរូបិយប័ណ្ណគ្រីបតូ ក៏ជាជំរុញឱ្យបទល្មើសនេះរាលដាលកាន់តែលឿនផងដែរ។
រដ្ឋាភិបាលកម្ពុជាបានចាត់ទុកការប្រយុទ្ធប្រឆាំង Online Scams ជារបៀបវារៈអាទិភាពបំផុត ដោយបានដាក់ឱ្យអនុវត្តច្បាប់ និងបង្កើតគណៈកម្មការចំពោះកិច្ចជាបន្តបន្ទាប់។ ជាពិសេស ក្រសួងមហាផ្ទៃកំពុងសិក្សាពិនិត្យលទ្ធភាពបង្កើត «មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីឆ្លើយតប និងដោះស្រាយករណីឆបោកបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា គ្រប់ក្របខណ្ឌច្បាប់ និងយន្តការទាំងនេះ ធ្វើឡើងដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តនយោបាយក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា និងទប់ស្កាត់មិនឱ្យកើតឡើងវិញ។
ចំណែកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនឱ្យបណ្តាញឧក្រិដ្ឋកម្មអនឡាញ មកជ្រកកោននៅលើទឹកដីកម្ពុជា ដើម្បីបំផ្លាញវឌ្ឍនភាពជាតិ និងសេចក្តីសុខរបស់ប្រជាជន ១៧ លាននាក់ឡើយ។
សូមជម្រាបថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញក្រសួងមហាផ្ទៃបានចុះត្រួតពិនិត្យរដ្ឋបាលលើសពី ២៨,០០០ ទីតាំង និងបានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសសរុប ៦៦៥ ទីតាំង។ ជាលទ្ធផល សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៦៨ សំណុំរឿង ដោយមានជនសង្ស័យ ២,៧៧៣ នាក់ ក្នុងនោះ ២,២០០ នាក់កំពុងឃុំខ្លួន។ ចំពោះជនបរទេសពាក់ព័ន្ធ កម្ពុជាបានបណ្តេញចេញពីប្រទេសសរុបចំនួនជាង ២ម៉ឺន១ពាន់នាក់ ដែលមាន ៣៨ សញ្ជាតិ។
កម្ពុជាក៏បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ និងអង្គការអន្តរជាតិ ដើម្បីឃាត់ខ្លួន និងបញ្ជូនមុខសញ្ញាមេខ្លោងសំខាន់ៗ ព្រមទាំងបន្តប្រមាញ់អ្នកគេចខ្លួន ដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មនេះឱ្យដល់ឫសគល់៕
ដោយ៖ទួន សុផល