អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៦៩ស្ថាប័ន ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 នៅកម្ពុជា
ភ្នំពេញ៖ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)»ក្រោមប្រធានបទ៖«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៦ មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ២៧៦នាក់ មកពី ៦៩ស្ថាប័ន (អន្តរជាតិ ៣៥ស្ថាប័ន មានចំនួន ៧១នាក់) ដែលមកពីអង្គភាពព័ត៌មានធំៗនៅក្នុងពិភពលោក ត្រូវបានអញ្ជើញឱ្យចូលរួមយកព័ត៌មាន ។
សន្និសីទអន្តរជាតិ ត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសណ្ឋាការសូហ្វីតែល ភូគាត្រា ភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីបណ្តា ប្រទេសជាង ២០ មកពីគ្រប់ទ្វីបលើពិភពលោក រួមមាន៖ សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសមកពីអាហ្វ្រិក អឺរ៉ុប និងបណ្តាប្រទេស ជាសមាជិកអាស៊ាន ព្រមទាំងអង្គការស្ថាប័នអន្តរជាតិចំនួន៦។
សន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹង Online Scams ព្រមទាំងរួមចំណែក ដល់កិច្ចខិតខំជាសកលក្នុងការទប់ទល់នឹង ឧក្រិដ្ឋកម្មឆ្លងដែនដែលជាវិបត្តិសកលលោក។
មុននឹងអញ្ជើញឱ្យចូលរួមយកព័ត៌មានសន្និសីទកម្រិតអន្តរជាតិនេះ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន បានរៀបចំដំណើរទស្សនកិច្ចដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឱ្យចុះទៅផ្ដិតយកព័ត៌មាន នៅតាមមណ្ឌល Scam Compound ដែលសមត្ថកិច្ចកម្ពុជា បង្ក្រាបបាន នៅខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល និងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តបង្ក្រាបទល្មើស Online Scams ឱ្យដល់ឫសគល់ និងឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់ របស់ពិភពលោក ក្នុងការបោសសំអាតបទល្មើសនេះ។
ជាក់ស្ដែង នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះផលិតព័ត៌មាននៅ អតីតទីតាំង online scams មានឈ្មោះថា មជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ ឬ ៨ park ស្ថិតនៅតំបន់ច្រកទ្វាអន្តរជាតិ ម៉ឺនជ័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលអតីតទីតាំង online scams នេះ ត្រូវបានគណៈបញ្ជាការឯកភាព ខេត្តព្រៃវែង ចុះប្រតិបត្តិការបង្ក្រាបនៅដើមខែកុម្ភៈ និងបានបិទឃុំទីតាំងទាំងស្រុង ។ តមក អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះផលិតព័ត៌មានពីការបង្រ្កាបបទល្មើស អនឡាញនៅទីតាំងការស៊ីណូ Golden galaxy ស្ថិតនៅ ក្រុងបាវិត ខេត្តស្វាយរៀង ដែលធ្វើបទបង្ហាញដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ។ គិតមកពេលនេះ ខេត្តស្វាយរៀង បានបង្រ្កាបទីតាំងមជ្ឈមណ្ឌលឆបោកធំៗ លែងមានទៀតហើយ ប៉ុន្តែក្រុមនេះ បំបែកខ្លួនជាក្រុមតូចៗ ហើយសមត្ថកិច្ចនៅបន្តស្រាវជ្រាវ និងបង្ក្រាបឧក្រិដ្ឋជនទាំងនេះ ។
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏បានចុះទៅថតរូប និងផលិតព័ត៌មាន នៅអតីតទីតាំង Online scams «ក្រុមហ៊ុន Jin Zi Hui Property Management Co., Ltd.» ស្ថិតនៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ។ ទីតាំងនេះ ត្រូវបានចុះបង្រ្កាបនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដែលមានមេក្លោងពីរនាក់ជាជនជាតិចិន ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ ។
ដោយឡែក យុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅរាជធានីភ្នំពេញ ក្នុងរយៈពេល ១ឆ្នាំ មកនេះ អាជ្ញាធរមានសមត្ថកិច្ច បានបើកប្រតិបត្តិការ ទ្រង់ទ្រាយធំ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យប្រមាណ ៣០០០នាក់ មាន២២សញ្ជាតិ និងបង្កកទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសប្រមាណ ៨០ម៉ឺនដុល្លារអាមេរិក ។
គួរបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំង online scams ទ្រង់ទ្រាយធំបានជាង៨០កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់ ៕








ដោយ វណ្ណលុក