ប្រមុខកងទ័ពកម្ពុជារក្សាជំហរដដែល ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា ការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាថ្មីថា កម្ពុជា នៅតែបន្តរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដោយមិនមានមហិច្ឆតា ឈ្លានពាន ឬធ្វើសង្គ្រាមជាមួយប្រទេសណាមួយឡើយ។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើង បែបនេះក្នុងជំនួបសំណេះសំណាលកាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីម៉ាឡេស៊ី និងសិង្ហបុរី ដែលត្រូវបញ្ចប់អាណត្តិ បេសកកម្មនៅកម្ពុជា។
ក្នុងជំនួបនោះឯកឧត្តមអគ្គមេបញ្ជាការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម AOT ដែលបានបំពេញភារកិច្ចចុះសង្កេតការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយ វិជ្ជាជីវៈ អព្យាក្រឹតភាព និងតម្លាភាព។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងទើបទទួលបាន សន្តិភាពពេញលេញ ២៧ឆ្នាំនេះ គឺយល់ច្បាស់ពីតម្លៃនៃ សន្តិភាព ហើយបេសកកម្មរបស់ AOT គឺជាចំណុចប្រវត្តិសាស្ត្រ ដ៏សំខាន់មួយរបស់អាស៊ាន ក្នុងការរួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ឯកឧត្តមបានរំលេចថា បេសកកម្ម AOT គឺជាបេសកកម្មដ៏ សំខាន់មួយ ដែលបានចារទុកក្នុងប្រវត្តិសាស្ត្រអាស៊ាន ក្នុងការចូលរួមដោះស្រាយបញ្ហាជម្លោះរវាងប្រទេសសមាជិក អាស៊ានខ្លួនឯង។ ទន្ទឹមនេះ បេសកកម្មក៏មានភាពស្មុគស្មាញ និងតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅទីតាំងជាក់ស្តែង៕




ដោយ៖ង៉ាន់ ទិត្យ