ស្ថាបនិកក្រុមហ៊ុន G Adventures ប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ
ក្រុមហ៊ុនទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញ G Adventures របស់ប្រទេសកាណាដា បានបញ្ជាក់ពីប្តេជ្ញាចិត្ត ចូលរួមក្នុងការអភិវឌ្ឍ និងប្រែក្លាយកម្ពុជាឱ្យទៅជា គោលដៅ ទេសចរណ៍ដ៏ពេញនិយម និងមានសុវត្ថិភាពនៅលើឆាកអន្តរជាតិ។ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងឱកាសដែលក្រុម ហ៊ុនបានជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ «មហាសន្និបាត ទេសចរណ៍ពិភពលោក (GX Summit 2026)» ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយមានគណៈប្រតិភូ អន្តរជាតិចូលរួមប្រមាណ ៧០០នាក់។
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សា ការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រ ការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ។ លោកបានកោតសរសើរចំពោះសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏សម្បូរបែបរបស់កម្ពុជា ដោយបញ្ជាក់ថា ចក្ខុវិស័យ អភិវឌ្ឍន៍របស់កម្ពុជាគឺស្របគ្នាយ៉ាងល្អឥតខ្ចោះទៅ នឹងបេសកកម្មរបស់ ក្រុមហ៊ុន ដែលតម្កល់ការអភិវឌ្ឍទេស ចរណ៍សហគមន៍ជាចម្បង សំដៅលើកកម្ពស់ជីវភាព និង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ដើម្បីជំរុញការផ្សព្វផ្សាយពីភាពស្រស់ស្អាត សុវត្ថិភាព និង ភាពរាក់ទាក់របស់កម្ពុជា លោក Bruce Poon Tip បានគូសបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ភ្នាក់ងារទេសចរណ៍អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកា (Content Creators) ល្បីៗជុំវិញពិភពលោក។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរ គុណដល់ក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជាជាទីតាំងរៀបចំមហាសន្និបាតដ៏មានសារៈសំខាន់នេះ។ សម្តេចធិបតី បានរំលេចពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ការពង្រឹងសមត្ថភាពសហគមន៍ និងការបំប៉នផលិតផលទេសចរណ៍ ថ្មីៗតភ្ជាប់រវាងតំបន់សំខាន់ៗ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានធ្វើទំនើបកម្មប្រព័ន្ធទិដ្ឋាការ (Visa) និងសម្រួលនីតិ វិធីអន្តោប្រវេសន៍ ដើម្បីផ្តល់ភាពងាយស្រួលបំផុតជូនដល់ភ្ញៀវទេសចរអន្តរជាតិ។
នាឱកាសនោះដែរ សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន G Adventures បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលទេសចរណ៍ កម្ពុជា (CTB) ដើម្បីធានាបាននូវការអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជាប្រកបដោយចីរភាព និងភាពធន់ក្នុងរយៈពេលវែង៕



ដោយ៖វណ្ណលុក