សម្តេចតេជោ ហ៊ុន សែន៖ «អំណាច ហ៊ុន សែន មិនទាន់ចប់ទេ»
ថ្ងៃនេះគឺជាខួប២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ជនមួយក្រុម ដែលសម្តេចហៅថាជា «ពួកចោរនយោបាយ»។ សម្តេចបានបញ្ជាក់ថា «អំណាចហ៊ុន សែនមិនទាន់ចប់ទេ» ហើយសម្តេចប្រកាសបន្តកំដរលេងជាមួយពួកកម្ចាត់ត្រកូលហ៊ុន រហូតដល់ពួកនេះអស់ពីផែនដី។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ជនមួយក្រុម ដែលសម្តេចហៅថាជា «ពួកចោរនយោបាយ»។
នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គមនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកឡើងវិញអំពីហេតុការណ៍លួចធ្វើឃាតសម្តេចនៅខេត្តសៀមរាបកាលពី២៨ឆ្នាំមុន និងដំណើរជីវិតនយោបាយរបស់សម្តេចនៅពេលបន្ទាប់មក។
សម្តេចតេជោបានសរសេរថា ក្រោយពីរួចផុតពីការប៉ុនប៉ងធ្វើឃាតនៅឆ្នាំ១៩៩៨ សម្តេចបានដាក់ដៃលើក្បាល និងសច្ចាក្នុងចិត្តថា ត្រូវពង្រឹងអំណាច និងត្រូវបញ្ចប់សង្គ្រាមឱ្យបាន។
សម្តេចបានបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៨ សម្តេចធ្លាប់ស្នើសុំឈប់ធ្វើជានាយករដ្ឋមន្ត្រី។ សំណើនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណបក្ស ដែលធ្វើឡើងនៅផ្ទះរបស់សម្តេចក្នុងក្រុងតាខ្មៅ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៨ ក្រោមអធិបតីភាពសម្តេច ជា ស៊ីម។ ប៉ុន្តែតាមការរៀបរាប់របស់សម្តេច មិនមានថ្នាក់ដឹកនាំណាម្នាក់យល់ព្រមឱ្យសម្តេចចាកចេញពីតំណែងនេះទេ។
សម្តេចតេជោបានបន្តថា ដំបូងឡើយ សម្តេចគិតថានឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០០៣។ ប៉ុន្តែក្រោយការប៉ុនប៉ងធ្វើឃាតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ សម្តេចបានសម្រេចចិត្តថា នឹងពង្រឹងអំណាច បញ្ចប់សង្គ្រាម និងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ពេលដែលសម្តេចចង់ឈប់ធ្វើ។
សម្តេចក៏បានរំលឹកពីការលើកឡើងកន្លងមករបស់សម្តេចកាលពីអតីតកាលថា «ថ្ងៃនេះ ខ្ញុំជានាយករដ្ឋមន្ត្រី ថ្ងៃក្រោយ ខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រី»។ សម្តេចបានលើកឡើងថា ការលើកឡើងនេះបានក្លាយជាការពិត ដោយកូនរបស់សម្តេច គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រី តាមរយៈការបោះឆ្នោតនិងស្របតាមរដ្ឋធម្មនុញ្ញ។
នៅក្នុងសារដដែល សម្តេចបានសង្កត់ធ្ងន់ថា «អំណាចហ៊ុន សែនមិនទាន់ចប់ទេ» ដោយសំដៅលើតួនាទីរបស់សម្តេចជាប្រធានគណបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា។ សម្តេចបានប្រកាសថា សម្តេចនឹងបន្តកំដរលេងជាមួយពួកកម្ចាត់ត្រកូលហ៊ុន រហូតដល់ពួកនេះអស់ពីផែនដី៕

