ក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូលើ៦វិស័យអាទិភាព ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងកុមារនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអង្គការ UNICEF ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តបន្តពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយផ្តោតលើវិស័យអាទិភាពចំនួន ៦ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា ទារក និងកុមារនៅកម្ពុជា។
ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Maha Damaj តំណាងថ្មីនៃអង្គការ UNICEF ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់រវាងភាគីទាំងពីរ ដែលបានចាប់ដៃគូយ៉ាងជិតស្និទ្ធតាំងពីឆ្នាំ១៩៩៣ មក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ UNICEF ដែលតែងតែផ្តល់ជំនួយបច្ចេកទេស ថវិកា និងបរិក្ខារសុខាភិបាល ព្រមទាំងការគាំទ្រគម្រោងមូលនិធិអាហារូបត្ថម្ភកុមារផងដែរ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្រោមកម្មវិធី UNICEF ប្រចាំកម្ពុជា (ឆ្នាំ២០២៤-២០២៨) ដោយផ្តោតលើ ៦វិស័យអាទិភាព ក្នុងនេះ ៖ទី១. អាហារូបត្ថម្ភ (SUN)គឺ ពន្លឿនការកែលម្អអាហារូបត្ថម្ភរបស់មាតា និងកុមារ។ទី២. សុខភាពមាតា ទារក និងកុមារដោយ ពង្រឹងសេវាថែទាំសុខភាពនៅតំបន់ដាច់ស្រយាល ជាពិសេសខេត្ដភាគឦសាន។ទី៣ ពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល DHIS2 និងប្រព័ន្ធចាក់ថ្នាំបង្ការអេឡិចត្រូនិក។ទី៤. ស្វែងរក និងផ្តល់សេវាចាក់វ៉ាក់សាំងដល់កុមារដែលមិនទាន់បានទទួលវ៉ាក់សាំងសោះ (Zero-dose)។ទី៥. ពង្រឹងតួនាទីក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ក្នុងការផ្តល់សេវាថែទាំសុខភាពបឋម និងទី៦. រួមបញ្ចូលការប្រើប្រាស់ថាមពលព្រះអាទិត្យក្នុងវិស័យសុខាភិបាល និងគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយសុវត្ថិភាព៕
ដោយ៖ហេងសម្បត្តិ









