«សេចក្តីប្រកាសទីក្រុងភ្នំពេញ» ១១ចំណុច៖ ជំហរកម្ពុជាក្នុងការលុបបំបាត់បទល្មើសអនឡាញ
ភ្នំពេញ៖សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់ដោយបានអនុម័ត “សេចក្តីប្រកាសទីក្រុងភ្នំពេញ” ដោយបង្កើតឱ្យមាននូវការប្តេជ្ញាចិត្តចំនួន ១១ ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ។ ការប្តេជ្ញាចិត្តទាំងនេះ គ្របដណ្តប់លើការសម្របសម្រួលក្នុងការអនុវត្តច្បាប់ ការកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុសច្បាប់ ការប្រមូលទ្រព្យសម្បត្តិ ត្រឡប់មកវិញ ការការពារជនរងគ្រោះ និងវិធានការនានាដើម្បីលុបបំបាត់ទីតាំងឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ។
សន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ជាង ៦០០នាក់ មកពី ២៨ប្រទេស និង ៧អង្គការអន្តរជាតិនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ។
អញ្ជើញចូលរួមបិទអង្គសន្និសីទឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានអំពាវនាវឱ្យបណ្តាប្រទេសពាក់ព័ន្ធ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស្អិតរមួត និងរហ័ស ដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ជាពិសេសពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសពាក់ព័ន្ធ ក្នុងការកាត់ផ្តាច់ច្រវាក់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយស្នើឱ្យគ្រប់ភាគីបន្តធ្វើការរួមគ្នា ដើម្បីឈានទៅបញ្ចប់បទល្មើសប្រភេទនេះ។
សូមជម្រាបថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយបានអនុម័ត សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលអំពាវនាវឱ្យមានការឆ្លើយតបថ្នាក់ជាតិ តំបន់ និង សាកលលោកដើម្បី៖ (១) ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (២)កាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម (៣)រារាំង និង ប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស (៤) ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា (៥)ពង្រឹងក្របខ័ណ្ឌ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ (៦) កសាងសមត្ថភាព និងភាពធន់ (៧) ពង្រឹងភាពជាដៃគូរវាងរដ្ឋ និង ឯកជន (៨) គាំទ្រការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ (៩) អនុវត្តគោលការណ៍ មិនផ្តន្ទាទោសចំពោះជនរងគ្រោះ (១០) ទប់ស្កាត់ការឆបោក និងការជួញដូរមនុស្ស និង (១១) លុបបំបាត់ទីតាំង ឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។
សន្និសីទនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នា ឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដោយមានរាជរដ្ឋាភិបាលកម្ពុជាជាម្ចាស់ផ្ទះ និងមានការសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្ម អនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។ សន្និសីទនេះបានប្រមូលផ្តុំអ្នកចូលរួមជាង ៦០០នាក់ មកពី ២៨ ប្រទេស និង ៧ អង្គការអន្តរជាតិ។
សន្និសីទដដែលបានប្រព្រឹត្តទៅដោយមានការរៀបចំវេទិកាកម្រិតខ្ពស់ស្តីពី “ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសាកលលោក” និងវេទិកាពិភាក្សាចំនួន ៣ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ការអនុវត្តច្បាប់ បច្ចេកវិទ្យា ការកាត់ផ្តាច់ហិរញ្ញវត្ថុ ភាពជាដៃគូរវាងរដ្ឋនិងឯកជន និងការការពារជនរងគ្រោះ។
សារពីកម្ពុជាតាមរយៈអង្គសន្និសីទ កម្ពុជាបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយ ការប្តេជ្ញាចិត្តទាំងនេះឱ្យទៅជាសកម្មភាពប្រកបដោយចីរភាព និងវិធានការដែលមានប្រសិទ្ធភាព សម្រាប់ ការការពារជនរងគ្រោះ ព្រមទាំងទប់ស្កាត់បណ្តាញឆបោកមិនឱ្យកើតមានឡើងវិញ៕
ដោយ៖ង៉ាន់ ទិត្យ,ម៉ាដេប៉ូ
រូបភាព៖រិន រចនា



