លោក ហ្សេលេនស្គី និងមេធំ NATO ពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដល់ អ៊ុយក្រែន
ញូវយ៉ក ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃ ព្រហស្បតិ៍ អះអាងថា លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដល់ទីក្រុងកៀវ ក្នុងអំឡុងជំនួបជាមួយអគ្គលេខាធិការអង្គការ NATO លោក ម៉ាក រុតតេ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១។
បើតាម Anadolu, មេដឹកនាំអ៊ុយក្រែនរូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម X ថា អ៊ុយក្រែនបានស្វែងយល់ពីវិធីសាស្ត្រស្ទាក់ចាប់មីស៊ីលនាំផ្លូវ និងយន្តហោះដ្រូនរបស់រុស្ស៊ីរួចហើយ។
លោកថា បច្ចុប្បន្ន អ៊ុយក្រែនកំពុងស្វែងរកដំណោះស្រាយ ដើម្បីទប់ទល់នឹងយន្តហោះដ្រូនប្រភេទ Shahed ដើរដោយម៉ាស៊ីនប្រតិកម្ម (Jet-powered) ដែលធ្វើឱ្យដ្រូនមានល្បឿនលឿនខ្លាំង ខណៈអ៊ុយក្រែនក៏ទទួលបានលទ្ធផលល្អជាបណ្តើរៗរួចហើយដែរ។
យ៉ាងណា លោក ហ្សេលេនស្គី ក៏ទទួលស្គាល់ដែរថា ការស្ទាក់ចាប់នឹងមីស៊ីលផ្លោងរបស់រុស្ស៊ីសម្រាប់ពេលនេះ ជម្រើសដែលមានប្រសិទ្ធភាពតែមួយគត់ គឺប្រព័ន្ធខែការពារដែនអាកាស Patriot ដែលអ៊ុយក្រែនត្រូវការជាចាំបាច់ស្ទើរតែរៀងរាល់ថ្ងៃ។
ជាមួយគ្នានេះ ប្រមុខដឹកនាំអង្គការ NATO លោក រុតតេ ក៏បានបញ្ជាក់តាមបណ្តាញសង្គម X ដែរថា អង្គការ NATO នឹងបន្តពង្រឹងសមត្ថភាពបន្ថែមទៀត ក៏ដូចជាបន្តការគាំទ្រដល់អ៊ុយក្រែន ក្នុងគ្រាដែលរុស្ស៊ីបន្តការវាយប្រហារដ៏ឃោរឃៅមកលើអ៊ុយក្រែន និងព្យាយាមបំបាក់ស្មារតីបណ្តាសម្ព័ន្ធមិត្តគាំទ្រទីក្រុងកៀវ ដើម្បីឱ្យពួកគេពន្យារពេលផ្តល់ជំនួយយោធា៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
