ចិន ព្រមានពី “សមរភូមិប្រកួតប្រជែងថ្មី” ក្នុងលំហអាកាស រវាងប្រទេសមហាអំណាចពិភពលោក
ប៉េកាំង ៖ យោធារបស់ប្រទេសចិន បានព្រមានធ្ងន់ៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា លំហអាកាសនឹងក្លាយជា “សមរភូមិប្រកួតប្រជែងថ្មី” រវាងប្រទេសមហាអំណាចពិភពលោក ក្រោយសហរដ្ឋអាមេរិកប្រកាសទទួលស្គាល់ជាលើកដំបូងថា ខ្លួនបានដាក់ពង្រាយ “អាវុធអវកាសយុទ្ធសាស្រ្ត” នៅក្នុងគន្លងអវកាសរបស់ភពផែនដី។
បើតាម Anadolu, អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បានរិះគន់មិនសំចៃមាត់ ជុំវិញការជំរុញរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយអាវុធនៅក្នុងគន្លងអវកាសរបស់ភពផែនដី។
លោកអះអាងថា ការធ្វើបែបនេះ អាចនឹងបង្កើនការប្រណាំងប្រជែងសព្វាវុធក្នុងលំហអាកាស ព្រមទាំងធ្វើឱ្យទីអវកាសក្លាយជាតំបន់ប្រឈមមុខគ្នាថ្មីរវាងមហាអំណាចនានា ហើយនៅទីបំផុត ក៏នឹងប៉ះពាល់ជារួមដល់មនុស្សជាតិផងដែរ។
អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា ប្រទេសចិនតែងតែតស៊ូមតិជានិច្ច នូវការប្រើប្រាស់លំហអាកាសដោយសន្តិវិធី និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារសន្តិសុខលំហអាកាស ក៏ដូចជាលើកកម្ពស់សហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិនៅក្នុងលំហអាកាស។
ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់ចិន កើតឡើងបន្ទាប់ពីលោក Troy Meink រដ្ឋមន្ត្រីកងទ័ពអវកាសអាមេរិក បានប្រកាសកាលពីដើមខែ កញ្ញា ថា កងកម្លាំងអវកាសអាមេរិក មាន “អាវុធអវកាសយុទ្ធសាស្រ្ត” នៅក្នុងគន្លងផែនដី ដែលមានសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់គូប្រជែង។
យ៉ាងណា លោកមិនបានបញ្ជាក់លំអិតថាតើជាអាវុធប្រភេទអ្វីនោះទេ ដោយគ្រាន់តែបង្ហើបថា អាវុធនេះ នឹងត្រូវប្រើដើម្បីគ្រប់គ្រងទីអវកាស និងការពារកងកម្លាំងអាមេរិកពីសកម្មវាយប្រហាររបស់សត្រូវ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
