នេប៉ាល់ ប្រាប់ UN ថា ទឹកជំនន់ក្នុងប្រទេសខ្លួន ស្លាប់ជាង១ពាន់នាក់ ជាសារព្រមានដល់ពិភពលោកទាំងមូល
អ.ស.ប ៖ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានថ្លែងទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះមហន្តរាយទឹកជំនន់កើតមាននៅក្នុងប្រទេសរបស់លោក កាលពីខែមុន ដែលបណ្តាលឲ្យស្លាប់មនុស្ស ជាង១ពាន់នាក់គឺជាការព្រមានដល់ពិភពលោកអំពីគ្រោះថ្នាក់ដែលកំពុងកើនឡើងនៃការប្រែប្រួលអាកាសធាតុ។
ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ អំឡុងសប្តាហ៍កិច្ចប្រជុំកម្រិតខ្ពស់, លោក Shah ដោយពាក់វ៉ែនតាពណ៌ខ្មៅ បានលើកឡើងថា ការឡើងកម្ដៅនៃអាកាសធាតុ កំពុងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយ នៅតំបន់ហិម៉ាឡៃយ៉ា ដោយធ្វើឱ្យស្រទាប់ដីកក ឬ permafrost និងផ្ទាំងទឹកកករលាយ ហើយបង្កើនហានិភ័យផ្សេងៗ។
ប្រទេសនេះបានជួបប្រទះគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ នៅចុងខែសីហា នៅពេលដែលទឹកជំនន់ដ៏ខ្លាំងក្លាប្រៀបដូចជា ស៊ូណាមិ ដែលបង្កឡើងដោយការបាក់រលំនៃផ្ទាំងទឹកកកនៅលើភ្នំខ្ពស់តាមបណ្តោយព្រំដែននេប៉ាល់-ចិន បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
មនុស្សជាង ១,៤០០នាក់បានស្លាប់ ហើយ មនុស្ស ៦,០០០នាក់នៅតែបាត់ខ្លួន ខណៈដែលការខូចខាតផ្នែកសេដ្ឋកិច្ចមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
ក្នុងន័យនេះ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Balendra Shah បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយសម្រាលបន្ទុកចំណាយក្នុងការជួយប្រទេសរបស់លោកសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយសារតែ នេប៉ាល់ មិនអាចកសាងភាពធន់ដោយខ្លួនឯងបានទេ ប្រឆាំងនឹងវិបត្តិដែលកាន់តែធ្ងន់ធ្ងរឡើង ដោយសារការបរាជ័យនៃអភិបាលកិច្ចសកល។
កាលពីដើមសប្តាហ៍នេះ, អាមេរិកបានសន្យាផ្តល់ជំនួយបន្ថែមចំនួន ៣១លានដុល្លារសម្រាប់ការស្តារឡើងវិញ ក្រោយគ្រោះទឹកជំនន់។ ប្រទេស G7 ត្រូវបានរាយការណ៍ថា សន្យាផ្តល់ការគាំទ្រក្រៅផ្លូវការ នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃពុធ ហើយ អង់គ្លេសក៏បានប្តេជ្ញាថា នឹងជួយនេប៉ាល់ផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
