សម្ដេច ស ខេង នឹងដាក់ចេញវិធានការលុបបំបាត់ក្លិបកម្សាន្ត និងកន្លែងបូជាសព នៅក្បែរសាលារៀន
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការលុបបំបាត់ក្លិបកម្សាន្ដ និងកន្លែងបូជាសព នៅជិតសាលារៀនដែលធ្វើឲ្យប៉ះពាល់ទៅដល់ការសិក្សារបស់សិស្សនិស្សិត។ សម្ដេច ស ខេង លើកឡើងបែបនេះ នៅក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់អាងហែលទឹក នៅពហុកីឡដ្ឋានខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។
សម្ដេចបន្ដថា ក្រសួងមហាផ្ទៃ និងក្រសួងអប់រំយុវជន និង កីឡា នឹងបង្កើតបន្ទប់ពិសេសមួយដើម្បី បញ្ចាំងវីដេអូ ស្ដីការផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងបញ្ហាចរាចរណ៍ ខណៈក្រសួងអប់រំយុវជន នឹងរៀបចំឲ្យមានសិស្សយាមសាលា ដើម្បីការពារកុំឲ្យមានគ្រឿងញៀន ចូលទៅក្នុងសាលារៀន។ សម្ដេច ស ខេង មានប្រសាសន៍ថា “ខ្ញុំក៏បានលើកសំណើមួយទៅសម្ដេចតេជោ ទាក់ទង់រឿងការដាក់ក្លិបកម្សាន្ដជិតសាលារៀន និងក៏បានបន្ថែមទៅក្នុងកម្មវិធីជាតិ ស្ដីពីសុខភាព គឺថាយើងមិនអនុញ្ញាត្តឲ្យ ដាក់ក្លឹបកម្សាន្ដ នៅជិតសាលារៀនទេ។
បើមិនចឹងទេនឹងធ្វើឲ្យ ក្មេងមានអារម្មណ៍មិនមូល បែកហើយ បើថាក្លិបនឹងលួចលាក់ មានគ្រឿងញៀនទៀត អាហ្នឹងគឺជាបញ្ហា ជាពិសោធន៍កន្លងទៅគឺថា និស្សិត នៅមហាវិទ្យាល័យច្បាប់បឹងត្របែក រ៉ុក ដែលជាក្លិបកម្សាន្ដ រហូតមកដល់ពេលនេះ យើងបានដោះស្រាយបិទហើយ។ កន្លែងបច្ឆាដុតខ្មោច ដុតអីមិនឲ្យមានជិតសាលាទេ ក្មេងមានអារម្មណ៍ ភ័យខ្លាច សម្រាប់ការរៀនសូត្ររបស់ក្មេង”៕ធ.ដ