ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ រយៈពេល៣ថ្ងៃនេះ
ត្បូងឃ្មុំ៖ ព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ទី៦ និងទី៧ នេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមទស្សនា និងចូលរួមលេងកម្សាន្តសប្បាយរីករាយជាមួយនឹងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ និងបានទស្សនាការប្រគំតន្រ្តីខ្នាតយក្សរាល់រាត្រី ដែលមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើន នៅក្នុងប្រទេសកម្ពុជា។ យោងតាមការឱ្យដឹងពីក្រុមការងារសង្រ្កាន្តស្រុកអូររាំងឪ បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍សង្រ្កាន្តនេះ បានបង្កើតឲ្យមានរក្សានូវទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់ ជាពិសេគឺការលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹក ឈើ និងល្បែងប្រជាប្រិយខ្មែរ ជាច្រើនទៀតផងដែរ។
ប្រជាពលរដ្ឋ ក្មេងចាស់ ប្រុស ស្រី ដែលបានមកចូលរួមទស្សនាព្រឹត្តិការណ៍បានបង្ហាញអារម្មណ៍សប្បាយរីករាយ ហើយពួកគាត់បានវាយតម្លៃថានេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយរបស់ស្រុកអូររាំងឪ ដែលមានការរៀបចំធំ និងប្លែកខុសពីបណ្តាឆ្នាំមុនៗ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យុ និងទរទស្សន៍អប្សរា សហការជាមួយ និងរដ្ឋបាលស្រុកអូររំាងឪ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកសក័្ត ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះ ដែរក៏មានការដាក់តាំងពិព័រណ៍ ផលិតផលក្នុងស្រុក និងស្តង់ពិព័រណ៍ពាណិជ្ជក្ម ជាច្រើនដើម្បីដាក់លក់ជូនដល់ប្រជាពលរដ្ឋ និងសិល្បករ-សិល្បការិនី ដែលបានចូលមកលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីបើកព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪនេះ ក្រុមការងារចុះជួយស្រុកអូររាំងឪ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ និងញ៉ាំងឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយជាមួយប្រទេស ដែលកំពុងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋមានសិទ្ធក្នុងការដើរហើរ និងប្រកបអាជីវកម្ម គ្រប់ប្រភេទទៅតាមសមត្ថភាពដែលខ្លួនមាន។
ព្រឹត្តិការណ៍នេះដែរ និងធ្វើឲ្យប្រជាជនយល់ និងជឿទុកចិត្តយ៉ាងច្បាស់ទៅលើការដឹកនាំប្រទេសជាតិរបស់ប្រមុខដឹកនាំដ៏ឈ្លាសវៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើនលើគ្រើវិស័យ ទាំងសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងការរក្សាបាននូវវប្បធម៌ប្រពៃណីសាសនា ទំនៀមទម្លាប់ ដ៏ល្អផូរផង់សម្រាប់ប្រជាពលរដ្ឋ គោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតដល់បច្ចុប្បន្ន៕ធ.ដ