Airbus ព្យាករថា ក្រុមហ៊ុនអាកាសចរណ៍នៅជម្ឈិមបូព៌ា នឹងត្រូវការយន្តហោះថ្មីជិត ៤,០០០ គ្រឿង
ឌូបៃ ៖ ក្រុមហ៊ុនផលិតយន្តហោះ Airbus របស់អឺរ៉ុប ព្យាករណ៍ថា ក្រុមហ៊ុនអាកាសចរណ៍នៅមជ្ឈិមបូព៌ា នឹងត្រូវការយន្តហោះដឹកអ្នកដំណើរថ្មីប្រមាណ ៣,៨៣០ គ្រឿង ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ពោលគឺនៅឆ្នាំ ២០៤៥ខាងមុខ ដើម្បីឆ្លើយតបកំណើនតម្រូវការធ្វើដំណើរផ្លូវអាកាស និងជំនួសយន្តហោះចាស់ៗ ។
យោងតាមការព្យាករណ៍ទីផ្សារសកលចុងក្រោយរបស់ Airbus, ក្នុងចំណោមយន្តហោះដឹកអ្នកដំណើរថ្មីទាំង ៣,៨៣០ គ្រឿង ក្នុងនោះមានយន្តហោះចម្ងាយជិត ចំនួន ២,១៦០ គ្រឿង និង យន្តហោះតួខ្លួនធំចម្ងាយឆ្ងាយចំនួន ១,៦៧០ គ្រឿង ។
ក្រុមហ៊ុន Airbus រំពឹងថា ចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅទូទាំងតំបន់មជ្ឈិមបូព៌ា នឹងកើនឡើងជាមធ្យមចំនួន ៤.៧% ក្នុងមួយឆ្នាំ ដែលនឹងធ្វើឱ្យចរាចរណ៍អ្នកដំណើរកើនឡើងជាងទ្វេដង បើធៀបនឹងកម្រិតបច្ចុប្បន្ន។
ប្រធានក្រុមហ៊ុន Airbus លោក Gabriel Semelas ប្រចាំទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា និយាយថា តំបន់មជ្ឈិមបូព៌ា គឺជាទីផ្សារអាកាសចរណ៍មួយដែលមានសក្ដានុពលខ្លាំងបំផុតនៅលើពិភពលោក ខណៈក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់បានបន្តប្រតិបត្តិការរបស់ខ្លួន ទោះបីមានភាពប្រែប្រួលផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ។
ជាមួយគ្នានេះ ក្រុមហ៊ុន Airbus លើកឡើងថា កំណើនប្រជាជន ការកើនឡើងប្រាក់ចំណូល ការរីកទីក្រុង និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នឹងជាកត្តាសំខាន់ជំរុញតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។
Airbus បានព្យាករទៀតថា ប្រជាជនវណ្ណៈកណ្តាលនៅមជ្ឈិមបូព៌ា នឹងកើនឡើងរហូតដល់ ២៤០ លាននាក់ ដល់ ៦២០ លាននាក់នៅឆ្នាំ ២០៤៥ ខណៈដែលអត្រាប្រជាជនរស់នៅក្នុងទីក្រុង នឹងឈានដល់ប្រមាណ ៥៥%។
យោងតាមការបញ្ជាក់របស់ Airbus, តួលេខយន្តហោះទាំង ៣,៨៣០ គ្រឿងនេះ គឺជាការព្យាករពីតម្រូវការទីផ្សារ មិនមែនជាចំនួនការបញ្ជាទិញយន្តហោះដែលបានបញ្ជាក់រួចនោះទេ។
យ៉ាងណា ការបញ្ជាទិញយន្តហោះចម្ងាយជិតខ្នាតធំដែលមានស្រាប់របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ បានគ្របដណ្តប់ប្រមាណ ៤៥% នៃតម្រូវការដែល Airbus ព្យាករណ៍សម្រាប់រយៈពេល ២០ឆ្នាំខាងមុខនេះ៕
ប្រភព ៖ Gulf News ប្រែសម្រួល ៖ ឈឹម ទីណា

