អ៊ីតាលី ចាយលុយជិត ៥,៩ ពាន់លានដុល្លារ ទិញរថក្រោះចម្បាំងជំនាន់ថ្មី
រ៉ូម ៖ ក្រសួងការពារជាតិអ៊ីតាលីចាប់ផ្តើមបោះទុនវិនិយោគជិត ៥,៩ ពាន់លានដុល្លារ ទៅលើគម្រោងអភិវឌ្ឍន៍ និងទិញរថក្រោះចម្បាំងធុនធ្ងន់ជំនាន់ថ្មី ហៅកាត់ NMBT រួមទាំងរថយន្តយោធាជំនាញផ្សេងទៀត។
បើតាម Defence blog, គម្រោងខ្នាតធំនេះ មានគោលបំណងធ្វើទំនើបកម្មកងទ័ពជើងគោកអ៊ីតាលី ក៏ដូចជាដើម្បីជំនួសហ្វូងរថក្រោះចម្បាំងស៊េរីចាស់ៗម៉ូដែល C1 Ariete ដែលបានប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មកម្ល៉េះ។
រថក្រោះចម្បាំងជំនាន់ថ្មី NMBT នេះ ត្រូវបានរំពឹងថា នឹងត្រូវបំពាក់នូវបច្ចេកវិទ្យាការពារខ្លួនកម្រិតខ្ពស់ប្រឆាំងនឹងយន្តហោះដ្រូនអត្តឃាត (UAV), ប្រព័ន្ធកាំភ្លើងធំទំហំ ១២០ មីលីម៉ែត្រ ដែលអាចតម្លើងដល់ ១៣០ មីលីម៉ែត្រនាពេលអនាគត និងសមត្ថភាពបញ្ជាយន្តហោះដ្រូនស៊ើបការណ៍ចេញពីក្នុងខ្លួនរថក្រោះផងដែរ ។
រថក្រោះចម្បាំងនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរួមទុន ហៅកាត់ LRMV ដែលបង្កើតឡើងក្រោមការសហការគ្នារវាងក្រុមហ៊ុនការពារជាតិ Leonardo របស់អ៊ីតាលី និងក្រុមហ៊ុន Rheinmetall របស់អាល្លឺម៉ង់។
រថក្រោះនេះ មានមូលដ្ឋានគំរូអភិវឌ្ឍន៍ចេញពីរថក្រោះចម្បាំងម៉ូដែល KF51 Panther របស់អាល្លឺម៉ង់ ប៉ុន្តែត្រូវបានកែច្នៃស្របតាមតម្រូវការជាក់ស្តែងរបស់កងទ័ពអ៊ីតាលី។
បើតាមផែនការដំបូង, អ៊ីតាលីមានតម្រូវការទិញរថក្រោះចម្បាំងជំនាន់ថ្មីនេះប្រមាណ ១៣២ គ្រឿង រួមជាមួយនឹងរថយន្តយោធាជំនាញគាំទ្រជាច្រើនគ្រឿងទៀត។
គម្រោងអភិវឌ្ឍន៍ និងទិញរថក្រោះចម្បាំងធុនធ្ងន់ជំនាន់ថ្មីនេះ ជាកម្មវិធីលទ្ធកម្មរយៈពេលវែង ហើយរំពឹងថា នឹងបញ្ចប់ការដាក់ពង្រាយទាំងស្រុងនៅត្រឹមឆ្នាំ ២០៣៨ខាងមុខនេះ៕
ប្រភព ៖ Defence blog ប្រែសម្រួល ៖ ឈឹម ទីណា