លោក Trump ច្រានចោលសំណើបើកច្រកសមុទ្រ Hormuz ឡើងវិញរបស់ អ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើរបស់ភាគីអ៊ីរ៉ង់ ដែលស្នើបើកច្រកសមុទ្រ ហ័រមូស ឡើងវិញចំនួន ៧ ថ្ងៃ នេះបើតាមប្រភពពីមន្រ្តីអាមេរិកសុំមិនបញ្ចេញឈ្មោះប្រាប់កាសែត The Wall Street Journal។
ការបដិសេធនេះ កើតឡើងស្របពេលដែលភាគីអ៊ីរ៉ង់កំពុងរង់ចាំការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះសណើរបស់ខ្លួនតាមរយៈអ្នកសម្របសម្រួលកាតា ដោយស្នើឱ្យបើកច្រកសមុទ្រ ហ័រមូស ចំនួនមួយសប្តាហ៍ និងបន្តការចរចារឿងនុយក្លេអ៊ែរឡើងវិញ ជាថ្នូរនឹងការដកការបិទខ្ទប់ច្រកកំពង់ផែរបស់ប្រទេសខ្លួន។
ប្រភពដដែលឱ្យដឹងថា ក្រៅពីបដិសេធសំណើរបស់ភាគីអ៊ីរ៉ង់ មន្រ្តីអាមេរិកបានបង្ហើបថា លោកប្រធានាធិបតី ត្រាំ បានប្រាប់ជំនួយការផ្ទាល់ខ្លួនថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមវាយប្រហារជាថ្មីប្រឆាំងទីក្រុងតេហេរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែ វិច្ឆិកា ចប់រួចរាល់។
ជាងនេះទៅទៀត កាលពីល្ងាចថ្ងៃ សុក្រ មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានបង្ហោះសារមួយលើបណ្តាញសង្គម Truth Social ដោយភ្ជាប់ជាមួយរូបភាពផែនទីដែលបង្ហាញពីរូបច្រកសមុទ្រ Hormuz ត្រូវបានប្តូរឈ្មោះទៅជា «ច្រកសមុទ្រ Trump»។
ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រប្រហែល ២០ ភាគរយនៃប្រេងសកលលោក ត្រូវបានកងទ័ពជើងទឹកអ៊ីរ៉ង់ប្រកាសបិទម្ដងជាពីរដង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារមកលើអ៊ីរ៉ង់។
ហ័រមូស គឺជាច្រកសមុទ្រមួយស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដែលមានប្រវែង ១៦១ គីឡូម៉ែត្រ។ ច្រកសមុទ្រមួយនេះស្ទើរតែត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង៕
ប្រភព ៖ The Wall Street Journal ប្រែសម្រួល ៖ ឈឹម ទីណា
