គ.ជ.ប ប្រកាសរៀបចំផែនការសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីផែនការការពង្រឹងសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ (រយៈពេល ៥៥ថ្ងៃ) នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បាន​បញ្ជាក់​ថា ការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់ គឺដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត ព្រមទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅដោយរលូន របៀបរៀបរយ តម្លាភាព និងមាន​សុវត្ថិភាព។

ឯកឧត្តមបានបន្ថែមថា អាជ្ញាធរនឹងតាមដាន និងប្រមូលព័ត៌មានជុំវិញសភាពការណ៍សន្តិសុខ ដើម្បីបកស្រាយ បំភ្លឺ ឬបន្សាបព័ត៌មានដែលបង្កផលប៉ះពាល់ និងការភាន់ច្រឡំដល់សាធារណមតិជាតិ-អន្តរជាតិ។ ក្នុងករណីធ្ងន់ធ្ងរ វិធានការច្បាប់​នឹងត្រូវអនុវត្តដោយម៉ឺងម៉ាត់។

ផ្អែកតាមផែនការសន្តិសុខ បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវបានកំណត់ជា «គណៈ​បញ្ជាការសន្តិសុខអចិន្រ្តៃយ៍រាជធានី-ខេត្តសម្រាប់ការបោះឆ្នោត» ដើម្បីដឹកនាំកិច្ចការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ចំណែកកម្លាំងអនុវត្តគឺនគរបាលជាតិ គ្រប់ថ្នាក់រហូតដល់ប៉ុស្តិ៍រដ្ឋបាល និងកងរាជអាវុធហត្ថ ត្រូវរៀបចំជាភ្នាក់ងារ​សន្តិសុខបោះឆ្នោត។

ដោយឡែកគណបក្សនយោបាយដែលបានចុះបញ្ជីផ្លូវការ មានសិទ្ធិចាត់តាំងភ្នាក់ងារដើម្បីចូល​រួមសង្កេតមើល​ដំណើរ​ការនេះនៅតាមសាលាឃុំ-សង្កាត់ ឬការិយាល័យចុះឈ្មោះបោះឆ្នោត។

សូមរំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ នៅគ្រប់ឃុំ-សង្កាត់ទាំង ១.៦៥២ ទូទាំងប្រទេស៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner