ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ
ភ្នំពេញ៖ លោកជំទាវឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសនូវែលសេឡង់ ប្រចាំកម្ពុជា បានបញ្ជាក់អំពីការនឹងបន្តខិតខំប្រឹង ប្រែងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្នុងអាណត្តិការទូតរបស់លោកជំទាវ។ ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត លោកជំទាវ Raylene Siale Tagaloa Liufalaniឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសនូវែលសេឡង់ ប្រចាំកម្ពុជា បានបង្ហាញនូវមោទនភាពចំពោះមិត្តភាព និងដៃគូរដ៏យូរលង់រវាងប្រទេសទាំងពីរ ដោយបានចូលរួមចំណែកស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក លើវិស័យសំខាន់ៗដូចជា
ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ,ការគ្រប់គ្រងធនធានទឹក បរិស្ថាន និងការប្រែប្រួលអាកាសធាតុ
,ការលើកកម្ពស់ស្ត្រី យុវជន និងវិស័យកសិកម្ម និងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាដើម។
លោកជំទាវក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រការដំឡើងកម្រិតទំនាក់ទំនង នូវែលសេឡង់-អាស៊ាន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរចំពោះលោកជំទាវ និងថ្លែងអំណរគុណដល់នូវែលសេឡង់ សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវឯកអគ្គរដ្ឋទូត បានឯកភាពគ្នាក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យប្រកបដោយសក្តានុពល រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ, ការផ្ទេរបច្ចេកវិទ្យា, ថាមពលកកើតឡើងវិញ, ទេសចរណ៍, ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សម្ដេចធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូតបន្តកិច្ចសហការ និងភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និទ្ធ ជាមួយក្រសួងស្ថាប័នកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ៕






ដោយ៖វណ្ណលុក