អាមេរិក ផ្តល់កិច្ចសន្យាតម្លៃ ២០ ពាន់លានដុល្លារ ឱ្យក្រុមហ៊ុន Raytheon បង្កើនការផលិតមីស៊ីលបំពេញស្តុកអាវុធឡើងវិញ

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមអាមេរិក បានផ្តល់កិច្ចសន្យាមានតម្លៃប្រមាណ ២០,៧ ពាន់លានដុល្លារ ដល់ក្រុមហ៊ុន Raytheon ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ RTX ដើម្បីពន្លឿនការផលិតមីស៊ីល AMRAAM ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាមបំពេញស្តុកអាវុធឡើងវិញ។

កិច្ចសន្យានេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីកង្វះស្តុកអាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមីស៊ីល និងគ្រាប់រំសេវជាច្រើនត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធា និងផ្គត់ផ្គង់ទៅឱ្យសម្ព័ន្ធមិត្ត ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។

មីស៊ីល AMRAAM គឺជាប្រភេទមីស៊ីលបាញ់ពីអាកាសទៅអាកាសរយៈចម្ងាយមធ្យម បំពាក់ក្នុងយន្តហោះចម្បាំង សម្រាប់វាយប្រហារគោលដៅសត្រូវនៅលើអាកាស។

មីស៊ីល AMRAAM ក៏ត្រូវបានគេប្រើប្រាស់សម្រាប់សំណាញ់មេឃ NASAMS ផងដែរ ដែលជាប្រព័ន្ធខែលការពារដែនអាកាសមួយ ត្រូវបានដាក់ពង្រាយ ដើម្បីការពារតំបន់សំខាន់ៗ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោន។

ក្រៅពីសហរដ្ឋអាមេរិក មីស៊ីល AMRAAM ក៏ត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើនជុំវិញពិភពលោក រួមមាន អ៊ុយក្រែន អូម៉ង់ និងកាតាជាដើម។

បើតាម Straits Times, កិច្ចសន្យាផលិតមីស៊ីល AMRAAM ក៏មានលក្ខណៈស្រដៀងគ្នានឹងកិច្ចសន្យាផលិតមីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃ Patriot មានតម្លៃ ៥៨,៦ ពាន់លានដុល្លារ ដែលត្រូវបានផ្តល់ឱ្យក្រុមហ៊ុន Lockheed Martin កាលពីខែកក្កដា។

យ៉ាងណា កិច្ចសន្យារយៈពេលច្រើនឆ្នាំទាំងនេះ នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាផ្នែកថវិកា ពីព្រោះបើតាមសេចក្តីរាយការណ៍ ថវិកាដែលត្រូវការសម្រាប់គាំទ្រការប្តេជ្ញាចិត្តរយៈពេលច្រើនឆ្នាំពេញលេញ មិនទាន់ត្រូវបានសភាអាមេរិកអនុម័តនៅឡើយទេ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner