ក្រុមអ្នកជំនាញចុះពិនិត្យវឌ្ឍនភាពការងារសង្រ្គោះបន្ទាន់ប្រាសាទព្រះវិហារ
ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ីព្រះវិហារ បានចុះពិនិត្យវឌ្ឍនភាពការងារសង្រ្គោះបន្ទាន់ប្រាសាទព្រះវិហារ ដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារការបាញ់ប្រហារពីសំណាក់កងទ័ពឈ្លានពានថៃ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា គណៈប្រតិភូជំនាញការអាដហុកនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ ឬ អាយស៊ីស៊ី ព្រះវិហារ បានចុះទៅធ្វើទស្សនិកច្ចនៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
បេសកកម្មនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពការងារសង្រ្គោះបន្ទាន់នៃសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ ដល់គោបុរៈទី៥ ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារជម្លោះប្រដាប់អាវុធ កាលពីឆ្នាំ២០២៥កន្លងទៅ និងការរៀបចំប្រព័ន្ធរំដោះទឹកចេញពីប្រាសាទព្រះវិហារ។
ក្នុងការចុះត្រួតពិនិត្យនេះដែរ ក្រុមអ្នកជំនាញការបានផ្តល់អនុសាសន៍បន្ថែមទៅលើទីតាំងមានហានិភ័យខ្ពស់ដែលអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារបានទល់ទ្ររួច និងទីតាំងមួយចំនួនទៀតដែលត្រូវធ្វើការអភរិក្សទល់ទ្របន្តទៀត។
ក្រសួងវប្បធម៌បានបញ្ញាក់ផងដែរថា មួយថ្ងៃមុនទៅធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហារ ក្រុមអ្នកជំនាញទាំងនេះក៏បានចុះទៅពិនិត្យវាយតម្លៃវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារផងដែរ។
ក្រុមអ្នកជំនាញការបានផ្តល់អនុសាសន៍ដល់អ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារលើការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទកោះកេរ រួមមាន ប្រាសាទខ្នារ ប្រាសាទគោកគ្រង ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង ប្រាសាទក្រហមក្នុងបរិវេណប្រាសាទរួម និងប្រាសាទប្រាំ ព្រមទាំងការរៀបចំវង់ទស្សនាទេសចរផងដែរ។
សូមបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់តំបន់ប្រាសាទព្រះវិហារសរុបចំនួន ៥៦២កន្លែង បណ្តាលមកពីការបាញ់ប្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់របស់យោធាថៃពីលើអាកាសដោយយន្តហោះ F-16។
សំណង់ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ទាំងអស់ និងជណ្ដើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងដំណំ៕
ដោយ៖ម៉ាដេប៉ូ






