អន្តរជាតិថ្កោលទោសការប្រើគ្រាប់បែកចង្កោម ខណៈកម្ពុជារងគ្រោះដោយសារថៃ
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា សន្និសិទត្រួតពិនិត្យឡើងវិញលើកទី៣នៃការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម ដែលបានប្រព្រឹត្តិទៅនៅក្រុងវៀងចន្ទន៍ប្រទេសឡាវកន្លងទៅថ្មីៗនេះ បានថ្កោលទោសប្រទេស ដែលប្រើគ្រាប់បែកចង្កោម។
សន្និសិទត្រួតពិនិត្យឡើងវិញលើកទី៣នៃការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម ដែលបានប្រព្រឹត្តិទៅនៅក្រុងវៀងចន្ទន៍ប្រទេសឡាវចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៦ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយភាគី ឬតួអង្គណាមួយក៏ដោយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ដោយយល់ឃើញថា អត្ថប្រយោជន៍ខាងយោធាមិនអាចប្រៀបផ្ទឹមនឹងផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលបង្កឡើងដោយអាវុធទាំងនេះ អង្គសន្និសិទអន្តរជាតិបានអំពាវនាវឱ្យបញ្ឈប់តាមគ្រប់មធ្យោបាយ នូវការប្រើប្រាស់ ការអភិវឌ្ឍ ការផលិត ការស្តុកទុក និងការផ្ទេរគ្រាប់បែកចង្កោម ដោយទាមទារដល់រដ្ឋ និងភាគីពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធទាំងអស់ ឱ្យបញ្ឈប់សកម្មភាពទាំងនេះចាប់ពីពេលនេះតទៅ ហើយអនុវត្តឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានរំលឹកពីខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះលើបណ្តាញសង្គមនៅថ្ងៃទី២៨កញ្ញា ដោយបញ្ជាក់ថា ក្នុងសង្រ្គាមឈ្លានពានរបស់ថៃកន្លងមក កងទ័ពថៃបានប្រើប្រាស់គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ប្រមាណ៦-៧លានគ្រាប់មកលើបូរណភាពទឹកដីកម្ពុជា ដោយប៉ះពាល់ភូមិចំនួន៣៤៩ភូមិ ក្នុងនោះស៊ីម៉ាក់បានស្រាវជ្រាវរួចរាល់៣៣៥ភូមិ។
ឯកឧត្តម ហេង រតនា បានឱ្យដឹងបន្ថែមថា មានផ្ទៃដីរងផលប៉ះពាល់ជិត៣០ម៉ឺនហិកតា និងប្រជាពលរដ្ឋរងផលប៉ះពាល់ជាង៩ម៉ឺនគ្រួសារ ស្មើនឹងជាង៣៥ម៉ឺននាក់ ក្នុងនោះក៏រងប៉ះពាល់ធ្ងន់ធ្ងរដល់សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម ដីស្រែចម្ការ ផ្ទះសំបែង និងហេដ្ឋារចនាសម្ពន្ធ័រូបវន្តស៊ីវិលទូទៅ។ សម្រាប់ឯកឧត្តម នេះជាទង្វើប្រឆាំង និងរំលោភបំពានច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សយ៉ាងពិតប្រាកដ៕
ដោយ៖ម៉ាដេប៉ូ




