ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ កើនដល់ ២១២ដុល្លារ នៅឆ្នាំ២០២៧
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ចំនួន ២១២ដុល្លារអាម៉េរិកក្នុងមួយខែ ក្រោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបោះឆ្នោតរក្សាតួលេខចាស់ ២១០ដុល្លារ ប៉ុន្តែរាជរដ្ឋាភិបាលបានសម្រេចបន្ថែម ២ដុល្លារ។
ការបោះឆ្នោតសម្រេចលើតួលេខនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីតំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានប្រជុំពិភាក្សាគ្នាចំនួន ១៧លើក ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ប៉ុន្តែនៅតែមិនមានការឯកភាពគ្នាលើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំក្រោយ។
តំណាងភាគីកម្មករនិយោជិតបានស្នើប្រាក់ឈ្នួល ២២៥ដុល្លារ ខណៈតំណាងភាគីនិយោជកស្នើរក្សាតួលេខបច្ចុប្បន្ន ២១០ដុល្លារ។ តាមនីតិវិធីបោះឆ្នោតជាសម្ងាត់ តួលេខ ២១០ដុល្លារទទួលបានសំឡេងគាំទ្រលើសលប់ គឺរហូតដល់ ៤៧លើ៥១សំឡេង ខណៈតួលេខ ២២៥ដុល្លារទទួលបានតែ ៣សំឡេង និងមានសន្លឹកឆ្នោតមិនបានការ ១។
យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងការងារ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្ថែម ២ដុល្លារ លើតួលេខ ២១០ដុល្លារ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ កើនដល់ ២១២ដុល្លារក្នុងមួយខែ។
ទន្ទឹមនឹងនេះ សម្តេចធិបតីបានឯកភាពបន្តផ្តល់ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន ២,៥ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២៧ ដែលធ្វើឲ្យកម្មករនិយោជិតនឹងទទួលបានកំណើនប្រាក់ឈ្នួលគោលសរុប ៤,៥ដុល្លារក្នុងមួយខែ។
ស្របគ្នានេះ កម្មករនិយោជិតនឹងបន្តទទួលបានអត្ថប្រយោជន៍ប្រចាំខែផ្សេងៗទៀត ដូចជា ៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ សោហ៊ុយធ្វើដំណើរនិងថ្លៃស្នាក់នៅចំនួន ៧ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារចំនួន ២ដុល្លារនៅឆ្នាំទី២ ដែលនឹងកើនឡើង ១ដុល្លាររៀងរាល់ឆ្នាំរហូតដល់ឆ្នាំទី១១, ព្រមទាំងប្រាក់ថ្លៃបាយសម្រាប់ការធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀលក្នុងមួយថ្ងៃ ឬទទួលបានបាយមួយពេលដោយឥតគិតថ្លៃ។
ដូច្នេះ ប្រាក់ឈ្នួលគោលក្នុងមួយខែ ដែលបងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ទទួលបានពិតប្រាកដសម្រាប់ឆ្នាំ២០២៧ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារអាម៉េរិកក្នុងមួយខែ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចតំឡើងប្រាក់ឈ្នួលអប្បបរមានេះធ្វើឡើងដោយគិតគូរទាំងជីវភាពរស់នៅរបស់កម្មករនិយោជិត ភាពប្រកួតប្រជែងរបស់ជាតិ និងលទ្ធភាពបង្កើតការងារថ្មីសម្រាប់យុវជន និងសមាជិកគ្រួសាររបស់កម្មករ។
សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តដាក់ចេញវិធានការផ្សេងទៀត ដើម្បីរក្សាលំនឹងជីវភាពរបស់កម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយក៏នឹងខិតខំកែសម្រួលបរិយាកាសវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍផលិតផលក្នុងស្រុក ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគបន្ថែម៕
ដោយ៖ង៉ាន់ ទិត្យ
