ចិន ប្រកាសត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំជំនួបត្រីភាគីរវាងលោក ស៊ី ជីនពីង, លោក ត្រាំ និងលោក ពូទីន
មូស្គូ ៖ ប្រទេសចិនបានប្រកាសអំពីគម្រោងការធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបត្រីភាគីរវាងលោកប្រធានាធិបតី ស៊ី ជីនពីង, លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនាខែវិច្ឆិកាខាងមុខ ។ នេះបើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងមូស្គូ នៅថ្ងៃពុធនេះ ។
លោក Zhang Hanhui ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ីនិយាយថា កិច្ចប្រជុំរវាងមេដឹកនាំនៃប្រទេសទាំងបីនេះអាចនឹងរៀបចំឡើង នៅក្រៅកិច្ចប្រជុំកំពូល APEC ។
បើតាម UNN, កិច្ចប្រជុំកំពូល APEC នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះនៅទីក្រុង Shenzhen ប្រទេសចិន ។
លោក Zhang Hanhui បញ្ជាក់ថា «ប្រសិនបើយើងអាចរៀបចំកិច្ចប្រជុំត្រីភាគីបែបនេះបាន វានឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ការអភិវឌ្ឍ និងការកសាងពិភពលោកដែលមានប៉ូលអំណាចច្រើនឡើងវិញ ដោយសារតែរុស្ស៊ី អាមេរិក និងចិន សុទ្ធតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាមហាអំណាចពិភពលោកផងដែរ ។
បើតាម Tass, អ្នកការទូតចិនរូបនេះ ថែមលើកទឹកចិត្តដល់ប្រទេសដទៃទៀតគួរតែយកចិន និងរុស្ស៊ីជាគំរូអំពីរបៀបកសាងទំនាក់ទំនងរវាងរដ្ឋជិតខាង និងរវាងរដ្ឋធំៗ ហើយធ្វើការរួមគ្នាដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចសកល និងការរក្សាសន្តិភាព ព្រមទាំង ស្ថិរភាពនៅជុំវិញពិភពលោក។
ឆ្លើយតបនឹងបំណងរបស់ភាគីចិន លើផែនការរៀបចំជំនួបកំពូលបែបនេះ, លោក Yury Ushakov ជំនួយការ ប្រធានាធិបតីរុស្ស៊ី លើកឡើងថា លោកមិនបានបដិសេធគំនិតផ្តួចផ្តើម ពាក់ព័ន្ធនឹងកិច្ចចរចាត្រីភាគីបែបនេះនោះដែរ ៕
ប្រភព ៖ Tass_ UNN ប្រែសម្រួល ៖ សារ៉ាត