អ្នកអភិរក្សរកឃើញ និងសង្គ្រោះត្រីរាជជិតផុតពូជ ៥ក្បាល លែងចូលបឹងទន្លេសាបវិញក្នុងខែកញ្ញា
ពេញមួយខែកញ្ញាឆ្នាំ២០២៦ដែលទើបបញ្ចប់ទៅនេះ អ្នកនេសាទនៅខេត្តសៀមរាប និងពោធិ៍សាត់ បានប្រទះឃើញ និងរាយការណ៍ពីការចាប់បាន ត្រីរាជ ដែលជាប្រភេទត្រីកម្រជិតផុតពូជចំនួន ៦ក្បាល។ក្នុងនោះ ក្រុមការងារចម្រុះបានរួមគ្នាសង្គ្រោះ និងលែងត្រឡប់ទៅក្នុងបឹងទន្លេសាបវិញចំនួន ៥ក្បាល ដែលជាចំនួនកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ត្រីទាំងមានទម្ងន់ចាប់ពី ១៤ ដល់ ១៣៦ គីឡូក្រាម។
កាលពីថ្ងៃទី៣០ ខែកញ្ញា ត្រីរាជយក្សទម្ងន់ ១៣៦ គីឡូក្រាម និងប្រវែង ២.៣១ ម៉ែត្រ ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញដោយសុវត្ថិភាពដែលជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងអង្គការអច្ឆរិយៈនៃទន្លេមេគង្គ (Wonders of the Mekong)។
ត្រីរាជទម្ងន់ ១៣៦ គីឡូក្រាមនេះ គឺជាត្រី ១ក្បាល ក្នុងចំណោមត្រីរាជសរុប ៦ក្បាល ដែលត្រូវបានអ្នកនេសាទប្រទះឃើញ និងរាយការណ៍នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ នេះ ក្នុងនោះ ៥ក្បាលត្រូវបានជួយសង្គ្រោះ និងលែងទៅក្នុងធម្មជាតិវិញដោយជោគជ័យ ខណៈ ១ក្បាលបានងាប់។
បើតាមការបញ្ជាក់ពីអង្គការអច្ឆរិយៈនៃទន្លេមេគង្គ ត្រីរាជទាំង ៦ក្បាលដែលប្រទះឃើញក្នុងខែនេះ មានទម្ងន់ចន្លោះពី ១៤ ដល់ ១៣៦ គីឡូក្រាម ដែលតំណាងឱ្យដំណាក់កាលជីវិតផ្សេងៗគ្នា ទាំងកូនត្រី ត្រីជំទង់ និងត្រីពេញវ័យ។
ទិន្នន័យនេះបង្ហាញពីការកើនឡើង បើប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០២៥ ដែលកាលណោះមានការរាយការណ៍ត្រឹមតែ ៤ក្បាល ហើយមានតែ ១ក្បាលប៉ុណ្ណោះដែលនៅរស់ និងត្រូវបានលែង។ ការកើនឡើងទាំងចំនួនរាយការណ៍ និងអត្រារស់រានមានជីវិតនេះ ឆ្លុះបញ្ចាំងពីការយល់ដឹង និងការចូលរួមយ៉ាងសកម្មរបស់អ្នកនេសាទ ក្នុងការការពារប្រភេទត្រីកម្រដែលប្រឈមនឹងការផុតពូជមួយនេះ។
អង្គការអច្ឆរិយៈនៃទន្លេមេគង្គបានបញ្ជាក់ថា ទិន្នន័យឆ្នាំ២០២៦ ផ្តល់សញ្ញាវិជ្ជមានចំពោះការចូលរួម និងការយល់ដឹងកាន់តែប្រសើររបស់អ្នកនេសាទ… ការរាយការណ៍ទាន់ពេល ការឆ្លើយតបរហ័ស និងកិច្ចសហការរវាងគ្រប់ភាគី បានរួមចំណែកយ៉ាងសំខាន់ដល់ការជួយសង្គ្រោះជីវិតត្រីរាជ។
សូមជម្រាបថា ត្រីរាជ គឺជាប្រភេទត្រីគ្មានស្រកាទឹកសាបដ៏ធំបំផុតមួយក្នុងចំណោមត្រីយក្សទាំង ៣ ប្រភេទក្នុងប្រទេសកម្ពុជា ហើយត្រូវបានច្បាប់ហាមឃាត់ដាច់ខាតមិនឱ្យធ្វើនេសាទ ទិញលក់ ឬដឹកជញ្ជូនឡើយ។ ត្រីរាជអាចធំធាត់លឿន ដោយក្នុង ១ឆ្នាំ អាចឡើងទម្ងន់ជាង ១០គីឡូក្រាម និងអាចរស់បានរហូតដល់អាយុ ៦០ឆ្នាំ។
បច្ចុប្បន្ន ត្រីរាជកំពុងធ្វើចរាចរចាកចេញពីបឹងទន្លេសាប ឆ្ពោះទៅកាន់អន្លង់ជ្រៅៗតាមដងទន្លេមេគង្គលើក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដើម្បីពួនស្ងប់ និងបន្តពូជដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ការពារ និងអភិរក្សកាន់តែខ្លាំងក្លាថែមទៀត។ត្រីរាជស៊ីស្លែជាអាហារចម្បង។ ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ ៕
ដោយ៖ម៉ាដេប៉ូ
