ទោះត្រូវចាក់ច្រើនកាំបិត, ភីឡុត ឥណ្ឌា សង្គ្រោះយន្តហោះទៅ អ៊ីស្រាអែល មិនឲ្យកើតភេរវកម្ម, លោក Netanyahu ចាត់ទុកជា វីរបុរស
ញូវដែលី ៖ បើទោះបីជាត្រូវគេចាក់ជាច្រើនកាំបិតក៏ដោយ ប៉ុន្តែភីឡុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Flydubai នៅតែតស៊ូតតាំងជាមួយសហការីរបស់ខ្លួនដែលប៉ុនប៉ងធ្វើភេរវកម្ម រហូតអាចដោះគន្លឹះសោរបើកទ្វារបន្ទប់ភីឡុតដើម្បីឲ្យអ្នកដំណើរចូលមកជួយគ្រប់គ្រងលើយន្តហោះទាន់ពេលវេលា ។
បើតាម BBC, ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅលើជើងហោះហើររបស់ក្រុមហ៊ុន Flydubai ដែលធ្វើដំណើរពីទីក្រុងឌូបៃទៅកាន់ទៅកាន់ទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល ។
ប្រភពដដែលបញ្ជាក់ថា ភីឡុតដែលត្រូវសហការីរបស់ខ្លួនចាក់នោះមានឈ្មោះ Smit Machchhar ជាពលរដ្ឋឥណ្ឌា ។ ក្នុងអំឡុងការប្រតាយប្រតប់គ្នាដើម្បីប្លន់យកយន្តហោះនោះ, លោក Machchhar ត្រូវបានសហការីរបស់ខ្លួនចាក់ចំក្បាល និងដៃ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។
បើតាម CNN, បច្ចុប្បន្នយន្តហោះរបស់ក្រុមហ៊ុន Flydubai បានចុះចតជាបន្ទាន់នៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយភីឡុតជនជាតិឥណ្ឌារូបនេះបានទទួលការសង្គ្រោះបឋមពីគ្រូពេទ្យ និងជាអ្នកដំណើរម្នាក់នៅលើជើងហោះហើរនោះ ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានកោតសរសើរលោក Machchhar និងបានហៅគាត់ថាជា «វីរបុរស» បន្ទាប់ពីបានជួយការពារមិនឲ្យមានគ្រោះមហន្តរាយផ្លូវអាកាសកើតឡើង ។
លោកថា វីរបុរសរូបនេះបានជួយសង្គ្រោះជីវិតមនុស្ស ១៧៤ នាក់ រួមទាំងពលរដ្ឋអ៊ីស្រាអែល និងប្រទេសផ្សេងទៀតផងដែរ ។
បើតាមកាសែត Times of India, លោក Machchhar មានបទពិសោធន៍បើកយន្តហោះរយៈពេល ១៣ឆ្នាំ រួមទាំងការងារជាង ៤ ឆ្នាំជាមួយក្រុមហ៊ុនអាកាសចរណ៍ Flydubai ។ មុនពេលចូលបម្រើការងារនៅក្រុមហ៊ុន Flydubai, លោកធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអាកាសចរណ៍ឯកជនរបស់ឥណ្ឌាឈ្មោះ SpiceJet ៕
ប្រភព ៖ CNN – BBC ប្រែសម្រួល ៖ សុខ ជីវ័ន្ត


