ដំណាំកសិកម្មជិត១៦ម៉ឺនហិកតាបានរងផលប៉ះពាល់ពីទឹកជំនន់ តែមិនគំរាមកំហែងដល់សន្តិសុខស្បៀងឡើយ
ទោះបី គ្រោះទឹកជំនន់នៅកម្ពុជា បង្កការលំបាកដល់បងប្អូនកសិករមួយចំនួនក៏ពិតមែន ប៉ុន្តែ វាមិនបានគំរាមកំហែងដល់សន្តិសុខស្បៀងរបស់កម្ពុជាឡើយ។ មិនគំរាមកំហែង ដោយសារតែផ្ទៃដី ដែលរងផលប៉ះពាល់មានទំហំតូចនៅឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមបានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ដំណាំកសិកម្មរបស់ប្រជាកសិករសរុបជាង ១៥ម៉ឺន ៧ពាន់ហិកតា ក្នុងខេត្តចំនួន ១១ នៅទូទាំងប្រទេស ស្មើនឹង ៤%ប៉ុណ្ណោះនៃផ្ទៃដីអនុវត្ត សរុប។
យោងតាមអ្នកនាំពាក្យក្រសួងកសិកម្ម ដំណាំកសិកម្មចំនួន ២៦៨ហិកតា ត្រូវបានខូចខាត។ ដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានចំនួនជាង ១៤ម៉ឺន ១ពាន់ហិកតា ក្នុងនោះខូចខាតអស់ចំនួន ២៦៨ហិកតា។
ថ្វីដ្បិតដំណាំកសិកម្ម និងដំណាំស្រូវជាង ១៥ម៉ឺន ៧ពាន់ហិកតា ត្រូវរងផលប៉ះពាល់ ប៉ុន្តែមិនមែនមានន័យថា ត្រូវខូចខាតទាំងស្រុងនោះទេ ពោលគឺទំហំនៃការខូចខាតមានចំនួនតិចតួចប៉ុណ្ណោះ។ ដូច្នេះ កម្ពុជានៅតែអាចធានាបាននូវបរិមាណស្រូវ-អង្ករគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងបម្រើឱ្យការនាំចេញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់។
ខេត្តទាំង ១១ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ រួមមាន ខេត្តបន្ទាយមានជ័យ,កំពង់ធំ,បាត់ដំបង,តាកែវ ព្រះវិហារ, ប៉ៃលិន, កំពត, កំពង់ឆ្នាំង, ព្រៃវែង, សៀមរាប និងរាជធានីភ្នំពេញ។ ក្នុងនោះ ខេត្តបាត់ដំបង,បន្ទាយមានជ័យ,កំពង់ធំ,តាកែវ, ព្រៃវែង និងសៀមរាប ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តតាមដាន និងវាយតម្លៃការខូចខាតចុងក្រោយឱ្យបានច្បាស់លាស់ ប៉ុន្តែជាគោលការណ៍ ក្រសួងបានត្រៀមពូជស្រូវរួចជាស្រេច ដើម្បីជួយកសិករស្តារការដាំដុះឡើងវិញ ក្នុងលក្ខខណ្ឌដែលមានប្រភពទឹកគ្រប់គ្រាន់៕
ខន ណារី AMS


