សម្ដេចធិបតីស្នើកុំឲ្យរិះគន់បំបាក់ទឹកចិត្តកងទ័ព និងឲ្យកងទ័ពផ្ញើសារបើខ្វះខាតអាហារហូបចុក
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីមន្ទិលចំពោះការផ្សព្វផ្សាយព័ត៌មានថា កងទ័ពជួរមុខកម្ពុជាមានការខ្វះខាតអាហារ រហូតដល់ហូបបាយជាមួយអំបិលម្ទេស ដោយសម្តេចអះអាងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជីវភាពកងទ័ព។
ក្នុងពិធីសម្ពោធផ្លូវជាតិលេខ១០ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០១ តុលា ឆ្នាំ២០២៦ សម្ដេចធិបតីបានព្រមានថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំផ្លើសពីកងទ័ព មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឱ្យប្រទេសឈ្លានពានមើលឃើញ និងទាញយកទៅកេងចំណេញ ដើម្បីបំបាក់ស្មារតីកងទ័ពកម្ពុជាកាន់តែខ្លាំង។
ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវដល់បណ្ដាបក្ស និងក្រុមដែលមាននិន្នាការប្រឆាំង សូមកុំរិះគន់បំបាក់ទឹកចិត្តកងទ័ព ព្រោះកងទ័ពជារបស់ជាតិ។ សម្តេចធិបតីប្រកាសថា ប្រសិនបើជួបបញ្ហាខ្វះខាតអាហារហូបចុកពិតប្រាកដមែន កងទ័ពអាចផ្ញើសារមកហ្វេសប៊ុករបស់សម្ដេចផ្ទាល់។
សម្ដេចធានាថា នឹងមិនឲ្យមេទ័ពណាដឹងរឿងផ្ញើសារនោះឡើយ ហើយសម្ដេចនឹងបញ្ជាឲ្យក្រុមការងារចុះទៅត្រួតពិនិត្យផ្ទាល់នៅកន្លែងខ្វះខាតនោះ។
សម្ដេចធិបតីអះអាងថា ការផ្គត់ផ្គង់ស្បៀងអាហារជូនកងទ័ពមិនមានការខ្វះខាតឡើយ។ របបអាហារហូបចុករបស់យោធា គឺក្នុងមួយថ្ងៃចំនួន ៤ ៥០០រៀល សរុបក្នុងមួយខែចំនួន ១២ម៉ឺនរៀល សម្រាប់ធ្វើម្ហូបអាហាររួមឲ្យកងទ័ពហូបចុក។ សម្ដេចបន្ថែមថា របបអាហារនេះមិនពាក់ព័ន្ធប្រាក់ខែរបស់កងទ័ពឡើយ។
ជាងនេះទៀត សម្ដេចក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្ថែមចំនួន ៣ពាន់រៀលទៀតក្នុងមួយថ្ងៃសម្រាប់ការហូបចុកបំប៉នដល់បងប្អូននៅជួរមុខ ហើយកងទ័ពនៅជួរមុខមានការហូបចុក ១៧៥% គឺច្រើនជាងអ្នកនៅជួរក្រោយចំនួន ៧៥%។ បន្ថែមពីនេះ ការធានាអាហារហូបសម្រាប់កងទ័ពនៅជួយមុខ ក្រសួងការពារជាតិបានធ្វើជាប្រចាំ ហើយបងប្អូនសប្បុរសជនក៏បានចូលរួមឧបត្ថម្ភបន្ថែមផងដែរ។
ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលតែងតែគាំទ្រ និងបន្តគាំទ្រជួយឧបត្ថម្ភដល់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ នៅគ្រប់ទីកន្លែងនៅក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាសុខសន្តិភាពនៅទូទាំងប្រទេស៕
សេង បារាំង AMS