ចាប់បានជនសង្ស័យលួចដែក យកទៅដាក់កាត់ទទឹងផ្លួវល្បឿនលឿនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីជននោះយកដែកវែងទៅដាក់កាត់ទទឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បណ្តាលឱ្យខូចខាតរថយន្តរបស់អ្នកដំណើរ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បុរសជាជនសង្ស័យបានលួចដែកមូលប្រវែង៦ម៉ែត្រចំនួន២ដើមពីម្ចាស់ចម្ការមួយកន្លែងនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ក្រោយលួចបានហើយក៏បានដើរឆ្លងកាត់ឡើងទៅលើផ្លូវល្បឿនលឿន ដោយបានទុកដែកនោះនៅកណ្តាលទ្រូងផ្លូវ ស្របពេលដែលមានរថយន្តមួយគ្រឿងបើកមកដល់ ក៏សន្និដ្ឋានថាជាករណីស្ទាក់ប្លន់រថយន្ត។
ហេតុការបានកើតឡើងនៅលើផ្លូវល្បឿនលឿនទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ PK54_55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
ការឈានដល់ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងបន្ទាប់បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះម្នាក់បង្ហោះវីដេអូករណីនេះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម។
ទោះបីយ៉ាងណា ករណីនេះមិនបង្ករបួសស្នាមធ្ងន់ធ្ងរនោះទេ តែបានបង្កការខូចខាតដល់រថយន្តមួយគ្រឿង ហើយម្ចាស់រថយន្តក៏បានដាក់ពាក្យបណ្តឹងផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកដែកចំនួន២ដើមនោះ សមត្ថកិច្ចក៏បានប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕
សៅ សុខអេង