ជប៉ុន អំពាវនាវឱ្យបង្កើនសន្ទុះការទូត ដើម្បីបញ្ចប់សង្គ្រាមរវាង អាមេរិក និងអ៊ីរ៉ង់
តូក្យូ ៖ ប្រទេសជប៉ុនបានអំពាវនាវឱ្យបង្កើន “សន្ទុះការទូត” និងជំរុញឱ្យទីក្រុងតេហេរ៉ង់បង្ហាញ “ភាពបត់បែនជាអតិបរមា” ដើម្បីបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃព្រហស្បតិ៍ ។
បើតាម Anadolu, លោក Motegi និយាយថា កិច្ចចរចាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមតាំងពីសប្តាហ៍មុន ហើយជប៉ុនចង់រួមចំណែកជាមួយប្រទេសពាក់ព័ន្ធ ដើម្បីបង្កើន “សន្ទុះការទូត” ។
លោក Motegi អះអាងថា ជប៉ុនបានខិតខំជាបន្តបន្ទាប់ ដើម្បីជំរុញការបន្ថយភាពតានតឹង ការធ្វើឱ្យស្ថានការណ៍មានស្ថិរភាព និងការស្វែងរកដំណោះស្រាយតាមផ្លូវការទូត ។
បន្ថែមពីលើការចរចា ប្រមុខការទូតកំពូលជប៉ុនរូបនេះ ក៏បានលើកឡើងពីសារៈសំខាន់នៃការស្តារឡើងវិញ នូវការធ្វើនាវាចរណ៍ដោយសេរី និងមានសុវត្ថិភាព តាមច្រកសមុទ្រសំខាន់ៗ រួមមាន ច្រកសមុទ្រ Hormuz និងច្រកសមុទ្រ Bab el-Mandeb ។
ជាមួយគ្នានេះ លោក Motegi បានស្នើឱ្យមានការពិភាក្សាអំពីអនាគតនៃច្រកសមុទ្រ Hormuz ជាមួយសហគមន៍អន្តរជាតិទាំងមូល និងបានអំពាវនាវឱ្យអ៊ីរ៉ង់ឆ្លើយតបចំពោះបញ្ហានេះក្នុងលក្ខណៈស្ថាបនា ។
ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រប្រហែល ២០ ភាគរយនៃប្រេងសកលលោក ត្រូវបានកងទ័ពជើងទឹកអ៊ីរ៉ង់ប្រកាសបិទម្ដងជាពីរដង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបន្តការវាយប្រហារមកលើអ៊ីរ៉ង់ ។
ហ័រមូស គឺជាច្រកសមុទ្រមួយស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដែលមានប្រវែង ១៦១ គីឡូម៉ែត្រ ។ ច្រកសមុទ្រមួយនេះស្ទើរតែត្រូវបានបិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
