វិមានក្រឹមឡាំង ព្រមានថា ការពង្រាយអាវុធនុយក្លេអ៊ែរក្បែរព្រំដែន រុស្ស៊ី ប្រៀបដូចចាក់សាំងថែមលើភ្លើង
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ ព្រមានធ្ងន់ៗថា ប្រទេសទាំងឡាយណាដែលព្រមដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្បែរព្រំដែនរុស្ស៊ី ប្រៀបដូចកំពុងចាក់សាំងបន្ថែមលើភ្លើង ក៏ដូចជាការអុជបញ្ឆេះការប្រឈមមុខគ្នាផ្នែកយោធា ។
បើតាម Anadolu, លោក Peskov អះអាងថា ប្រទេសទាំងឡាយដែលជឿថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅជិតរុស្ស៊ី អាចធ្វើឱ្យខ្លួនមានសុវត្ថិភាពជាងមុន គឺកំពុងយល់ខុសដ៏ធ្ងន់ធ្ងរ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ សង្កត់ធ្ងន់ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅជិតព្រំដែនរុស្ស៊ី នឹងមិនអាចជួយបង្កើនសន្តិសុខសម្រាប់ប្រទេសទាំងនោះបានទេ ។
តែផ្ទុយទៅវិញ វានឹងនាំទៅរកការកើនឡើងភាពតានតឹង និងការប្រឈមមុខគ្នាផ្នែកយោធាកាន់តែខ្លាំងជាងមុនប៉ុណ្ណោះ ។
បន្ថែមលើនេះ លោក Peskov ក៏បានរំលឹកឡើងវិញអំពីលិខិតថ្មីរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់អង្គការណាតូ ដែលបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមានការប៉ុនប៉ងបិទខ្ទប់ ឬកាត់ផ្តាច់តំបន់ Kaliningrad ចេញពីទឹកដីរុស្ស៊ី ។
ទន្ទឹមគ្នា លោក Peskov ដែលមានវ័យ៥៨ឆ្នាំរូបនេះ ក៏បានបញ្ជាក់ច្បាស់ៗផងដែរថា តំបន់ Kaliningrad គឺជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី ហើយទីក្រុងមូស្គូនឹងធានាសន្តិសុខសម្រាប់តំបន់នេះ ស្របតាមច្បាប់របស់រុស្ស៊ី ។
Kaliningrad ជាតំបន់ដាច់ស្រយាលមួយរបស់រុស្ស៊ីនៅឆ្នេរសមុទ្របាល់ទិក ស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី ប៉ុន្តែមិនជាប់ផ្ទាល់ជាមួយទឹកដីរុស្ស៊ីដីគោកនោះទេ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
