សោម៉ាគ្រុបកៀរគរបុគ្គលិកបរិច្ចាគឈាម រួមចំណែកជួយសង្គម
ថ្នាក់ដឹកនាំ និងបុគ្គលិកសោម៉ាគ្រុបប្រមាណ ១៥០នាក់ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែកជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់។ សកម្មភាពនេះ ធ្វើឡើងក្នុងស្មារតីមនុស្សធម៌ និងការទទួលខុសត្រូវចំពោះសង្គម។
ថ្នាក់ដឹកនាំ និងបុគ្គលិកសោម៉ាគ្រុបប្រមាណ ១៥០នាក់ បានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមសប្បុរសធម៌ នៅអគារ The Commune រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ ឈាមដែលទទួលបាន ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីយកទៅប្រើប្រាស់សម្រាប់ជួយសង្គ្រោះអ្នកជំងឺដែលមានតម្រូវការឈាមជាបន្ទាន់។
កញ្ញា ឡាច សៀងលី លេខាធិការ Soma Initiative ឱ្យដឹងថា កម្មវិធីបរិច្ចាគឈាមរបស់សោម៉ាគ្រុប ត្រូវបានរៀបចំឡើង២ដងក្នុងមួយឆ្នាំ។ ថ្នាក់ដឹកនាំក្រុមហ៊ុន តែងលើកទឹកចិត្ត និងអំពាវនាវដល់បុគ្គលិកឱ្យចូលរួមដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ។
ចំណែកលោក ឌី ប៉េឡា បុគ្គលិកសោម៉ា បានចូលរួមបរិច្ចាគឈាម ដោយសារលោកចង់ចូលរួមចំណែកជួយសង្គម និងជួយសង្គ្រោះអ្នកជំងឺដែលកំពុងត្រូវការឈាមជាបន្ទាន់។
ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាសកម្មភាពមនុស្សធម៌ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកគាំទ្រដល់ការផ្គត់ផ្គង់ឈាម និងប្រព័ន្ធសុខាភិបាលជាតិ។
តាមទិន្នន័យឆ្នាំ២០២៥ កម្ពុជាត្រូវការឈាមប្រមាណជាង ២១ម៉ឺនប្លោកក្នុងមួយឆ្នាំ ក្នុងនោះរាជធានីភ្នំពេញត្រូវការជាមធ្យមប្រមាណ ៣៥០ប្លោកក្នុងមួយថ្ងៃ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម អាចផ្គត់ផ្គង់បានជាង ៧៥ភាគរយ នៃតម្រូវការឈាមទូទាំងប្រទេស។
ការចូលរួមរបស់ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងការបរិច្ចាគឈាម គឺជាកម្លាំងសំខាន់ក្នុងការរួមគ្នាធានាឱ្យមានឈាមគ្រប់គ្រាន់ សម្រាប់ជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់៕




រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ