វត្តតាមាន់សែនជ័យដែលបំផ្លាញដោយយោធាថៃ ស្ងាត់ពុទ្ធបរិស័ទក្នុងឱកាសភ្ជុំបិណ្ឌ
អារាមមួយកន្លែងដែលនៅកៀកនឹងព្រំដែនកម្ពុជា ថៃ គឺវត្តតាមាន់សែនជ័យ ដែលធ្លាប់រងការខូចខាតដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 ហាក់មានសភាពស្ងប់ស្ងាត់ មិនសូវមានពុទ្ធបរិស័ទមកធ្វើបុណ្យទានច្រើនឡើយ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ។
នៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ វត្តតាមាន់សែនជ័យ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពុំសូវមានពុទ្ធបរិស័ទមកធ្វើបុណ្យទានច្រើនឡើយ។ តាមថេរដីការបស់ព្រះតេជគុណ ឡាយ លន ព្រះគ្រូសូត្រស្តាំ បច្ចុប្បន្នវត្តនេះមានព្រះសង្ឃគង់នៅចំនួន ៥អង្គ ខណៈការកាន់បិណ្ឌនាពេលនេះ គឺអាស្រ័យលើគ្រួសារយោធិនដែលផ្លាស់វេនគ្នាមកជួយឧបត្ថម្ភ និងកាន់បិណ្ឌ ចំណែកអ្នកមកពីចម្ងាយមានចំនួនតិចតួច។
ព្រះគ្រូសូត្រស្តាំវត្តតាមាន់សែនជ័យ បានការអំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយ មេត្តាចូលរួមធ្វើបុណ្យទាន និងចាប់កុសលផលបុណ្យ ដើម្បីទទួលបានបច្ច័យយកមកទ្រទ្រង់ និងកសាងវត្តឡើងវិញ។ ព្រះអង្គមានថេរដីកាថា បច្ចុប្បន្នព្រះសង្ឃបានត្រឹមសាងសង់រោងទំហំ ១២ម៉ែត្របួនជ្រុង សម្រាប់គង់នៅបណ្តោះអាសន្នប៉ុណ្ណោះ ដោយពុំទាន់មានលទ្ធភាពកសាងកុដិ ឬសាលាឆាន់ឡើងវិញនៅឡើយ ក្រោយពេលត្រូវរងការទម្លាក់គ្រាប់បែកខូចខាតទាំងស្រុង។
ជាមួយគ្នានេះ លោក ព្រំ ចិន្តា អាចារ្យវត្តតាមាន់សែនជ័យ បានឱ្យដឹងថា វត្តកំពុងជួបប្រទះការខ្វះខាតបច្ច័យ និងទេយ្យទានជាច្រើន ជាពិសេសគឺបញ្ហាប្រព័ន្ធអគ្គិសនីដែលត្រូវបានកាត់ផ្តាច់ ដោយបច្ចុប្បន្នត្រូវពឹងផ្អែកលើការប្រើប្រាស់អំពូលសូឡាប៉ុណ្ណោះ។ លោកអាចារ្យក៏បានទទូចសុំឱ្យសប្បុរសជននានា មេត្តាជួយឧបត្ថម្ភជ្រោមជ្រែងដល់វត្តនេះផងដែរ។
គួររំលឹកថា វត្តតាមាន់សែនជ័យ ត្រូវបានយន្តហោះចម្បាំង F-16 របស់ភាគីថៃ ទម្លាក់គ្រាប់បែកចំនួន ២លើក ដោយលើកទី១ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ ដែលបណ្តាលឱ្យទីអារាមទាំងមូលត្រូវខូចខាតទាំងស្រុង ព្រមទាំងបង្កឱ្យលោកអាចារ្យម្នាក់បាត់បង់ជីវិត៕
ដោយ៖ទួន សុផល




