ក្រុមហ៊ុន Boeing ទទួលកិច្ចសន្យាតម្លៃ ១៤,៧ ពាន់លានដុល្លារ បង្កើនផលិតកម្មឧបករណ៍ស្វែងរកគោលដៅរបស់មីស៊ីល PAC-3
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing បានទទួលកិច្ចសន្យារយៈពេល ៧ឆ្នាំ ដែលមានតម្លៃប្រមាណ ១៤,៧ ពាន់លានដុល្លារ ពីក្រុមហ៊ុន Lockheed Martin ដើម្បីពង្រីកការផលិត និងផ្គត់ផ្គង់ឧបករណ៍ស្វែងរកគោលដៅ ឬ (Seeker) សម្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 MSE ដែលជាផ្នែកសំខាន់នៃសំណាញ់មេឃ Patriot ។
កិច្ចសន្យានេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Boeing បង្កើនសន្ទុះផលិតកម្មផ្គត់ផ្គង់ឧបករណ៍ស្វែងរកគោលដៅ (Seeker) សម្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 MSE ដល់ ៣ ដង បើធៀបនឹងសមត្ថភាពផលិតបច្ចុប្បន្ន ។
បើតាម Breaking Defense, ឧបករណ៍ស្វែងរកគោលដៅ Seeker ដែលបំពាក់នៅផ្នែកក្បាលគ្រាប់មីស៊ីល មានតួនាទីជួយឱ្យមីស៊ីលអាចស្វែងរក កំណត់ទីតាំង និងតាមដានគោលដៅ ដើម្បីជួយនាំផ្លូវមីស៊ីលឱ្យស្ទាក់ចាប់គោលដៅបានយ៉ាងជាក់លាក់ ។
ចំណែកសំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។
មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot មួយគ្រាប់ៗត្រូវចំណាយពេលផលិតយូរខែ ឬយូរឆ្នាំ ហើយមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់ ។
ការបង្កើនផលិតកម្មឧបករណ៍ស្វែងរកគោលដៅ Seeker កើតឡើង ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាមបំពេញស្តុកមីស៊ីលស្ទាក់ចាប់ឡើងវិញ បន្ទាប់ពីតម្រូវការប្រើប្រាស់អាវុធការពារដែនអាកាសបានកើនឡើងយ៉ាងគំហុក ដោយសារសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ។
យោងតាមកាសែតរ៉យទ័រ, កងទ័ពអាមេរិកក៏បានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុន Lockheed Martin កាលពីខែកក្កដា ដែលមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតមីស៊ីលស្ទាក់ចាប់ PAC-3 MSE ។
ទន្ទឹមគ្នា Lockheed Martin មានគោលដៅបង្កើនសមត្ថភាពផលិតមីស៊ីល PAC-3 MSE ដល់ប្រហែល ២.០០០ គ្រាប់ក្នុងមួយឆ្នាំ បើធៀបនឹងពីមុនបានត្រឹម ៦០០ គ្រាប់ក្នុងមួយឆ្នាំ ៕
ប្រភព ៖ Breaking Defense និង រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា