ណាតូឥស្លាម សម្រេចបញ្ជូនទ័ពទៅការពារសមាជិក អារ៉ាប៊ី សាអូឌីត
រីយ៉ាត់ ៖ តួកគី និង ប៉ាគីស្ថាន ដែលជាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងមេកា (Mecca Agreement) ឬ គេស្គាល់ថា ណាតូឥស្លាម បានសម្រេចចិត្តចាប់ផ្តើមអនុវត្តជាបន្ទាន់ នូវការប្តេជ្ញាចិត្តការពាររួម និង បញ្ជូនកងកម្លាំងយោធាទៅការពារអារ៉ាប៊ី សាអូឌីត ដែលជាសមាជិកសម្ព័ន្ធយោធានេះដូចគ្នា។ នេះបើតាមការចេញផ្សាយរបស់ Tass នៅថ្ងៃអង្គារនេះ។
យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយក្រសួងការពារជាតិ អារ៉ាប៊ី សាអូឌីត បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយរបស់សម្ព័ន្ធភាពនេះ, គណៈកម្មាធិការបានសម្រេចចិត្តចាប់ផ្តើមអនុវត្តជាក់ស្តែងជាបន្ទាន់ នូវការប្តេជ្ញាចិត្តការពាររួម ព្រមទាំង ចាត់វិធានការចាំបាច់នានាដើម្បីផ្តល់កងកម្លាំងប្រដាប់អាវុធ
និងសមត្ថភាពយោធាដែលបានព្រមព្រៀងគ្នា ហើយបញ្ជូនកងកម្លាំងទាំងនោះទៅកាន់ អារ៉ាប៊ី សាអូឌីត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ប្រភពបន្ថែមថា ការបញ្ជូនកងកម្លាំងនេះនឹងធ្វើឡើងស្របតាមច្បាប់ជាតិរបស់ប្រទេសជាសមាជិកនីមួយៗ ដើម្បីពង្រឹងភាពត្រៀមខ្លួនប្រយុទ្ធ ការធ្វើសមាហរណកម្មយោធា និងសមត្ថភាពរួមរបស់ពួកគេក្នុងការទប់ទល់នឹងការគំរាមកំហែងនានា។
សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា សន្តិសុខរបស់ប្រទេសនីមួយៗគឺជា «ផ្នែកមួយដ៏សំខាន់នៃសន្តិសុខរួមរបស់ប្រទេសទាំងបី»៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត