អ៊ីរ៉ង់ អួតថា បានបង្ខំឱ្យកងនាវា អាមេរិក ដកថយជាង ១ ពាន់គីឡូម៉ែត្រ ពីព្រំដែនខ្លួន
តេហេរ៉ង់ ៖ មេបញ្ជាការជាន់ខ្ពស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយអួតអាងថា អ៊ីរ៉ង់បានបង្ខំឱ្យកងនាវាអាមេរិកដកថយទៅឆ្ងាយជាង ១.០០០ គីឡូម៉ែត្រពីព្រំដែនរបស់ខ្លួន ដោយមិនបន្សល់ទុកនាវាចម្បាំងអាមេរិកណាមួយនៅច្រកសមុទ្រ ហ័រមូស ឬដែនទឹកជុំវិញនោះឡើយ ។
ភ្លាមៗខាងភាគីសហរដ្ឋអាមេរិកនៅពុំទាន់បង្ហើបពីមូលហេតុដកថយ ឬបញ្ចេញប្រតិកម្មតបតណាមួយ ចំពោះការអត្ថាធិប្បាយរបស់ភាគីអ៊ីរ៉ង់នៅឡើយទេ ។
ប៉ុន្តែសម្តីអួតអាងនេះធ្វើឡើង ចំពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ពាក់ព័ន្ធនឹងការគ្រប់គ្រងលើច្រកសមុទ្រ ហ័រមូស ។
ច្រកសមុទ្រយុទ្ធសាស្រ្តនេះ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់ ដែលរ៉ាប់រងការឆ្លងកាត់ប្រហែល ១ភាគ៥ នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិទូទាំងពិភពលោក មុនពេលមានជម្លោះផ្ទុះឡើង ។
បើតាម RT, លោកឧត្តមនាវីទោ Ali Fadavi បានថ្លែងក្នុងបទសម្ភាសន៍មួយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ Press TV កាលពីថ្ងៃចន្ទ ថា កងនាវាអាមេរិកបានរត់គេច និងផ្លាស់ទីទៅឆ្ងាយជាង ១.០០០ គីឡូម៉ែត្រពីព្រំដែនរបស់យើង ។
លោក Fadavi បន្ថែមថា នេះមិនមែនជាជម្រើសរបស់ពួកគេទេ ប៉ុន្តែវាជាលទ្ធផលនៃអំណាចរបស់សាធារណរដ្ឋឥស្លាម និងអំណាចរបស់កងកម្លាំងជើងគោក នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ IRGC ។
មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ អះអាងថា គ្មាននាវាអាមេរិកណាមួយនៅសេសសល់នៅក្នុងឈូងសមុទ្រពែក្ស ច្រកសមុទ្រហ័រមូស សមុទ្រអូម៉ង់ ឬភាគខាងជើងនៃមហាសមុទ្រឥណ្ឌានោះទេ ពីព្រោះកងនាវាចម្បាំងអាមេរិកដឹងខ្លួនច្បាស់ ១០០ ភាគរយថា អាចនឹងរងគ្រោះដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ ។
លោក Fadavi ដែលមានវ័យ៦៥ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា ច្រកសមុទ្រទាំងនេះ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ហើយបានព្រមានថា នាវាដែលប្រើប្រាស់ផ្លូវភាគខាងត្បូងក្រោមការត្រួតពិនិត្យរបស់អាមេរិក អាចនឹងក្លាយជាគោលដៅវាយប្រហារ ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា