កម្ពុជា-ឡាវ បញ្ជាក់អំពីការបន្តចំណងមិត្តភាព និងជ្រោមជ្រែងគ្នាទៅវិញទៅមក
ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៦ និងបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង» ក្នុងឆ្នាំ២០១៩។ចំណងការទូតនេះ ត្រូវបានគេមើលឃើញថា បាន និងកំពុងរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើគ្រឹះ នៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងការយោគយល់គ្នាទៅវិញទៅមក ។
ស្តែងចេញពីទំនាក់ទំនងដ៏ស៊ីជម្រៅនេះ កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅវិមាន៧មករា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ថងលី ស៊ីសូលីត (Thongly Sisoulith) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវដ្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់ឡាវ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
ក្នុងជំនួប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះការបាត់បង់ ឯកឧត្តម សាយសំផន ភំវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាឥស្សរជននយោបាយដ៏ឆ្នើមរបស់ឡាវ និងជាមិត្តដ៏ស្និទ្ធស្នាលរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានសម្តែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម ថងលី ស៊ីសូលីត ដែលត្រូវបានបោះឆ្នោតជ្រើសតាំង ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់អាណត្តិ ២០២៦-២០៣០ ផងដែរ។
ក្នុងជំនួដដែលភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ដែលមិនត្រឹមតែផ្អែកលើប្រវត្តិសាស្ត្រ និងវប្បធម៌រួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ដោយមើលឃើញថា «យុវជន» គឺជាកម្លាំងចលករដ៏រស់រវើក និងជាអ្នកបន្តវេនក្នុងការថែរក្សាចំណងមិត្តភាពនេះ កម្ពុជា និងឡាវ បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលផ្លែផ្ការយៈពេល ១ឆ្នាំជាងនៃ «អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុវជន ២០២៥-២០២៧»។
ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានយល់ស្របគ្នាថា ដើម្បីជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ភាគីទាំងពីរបានឯកភាពលើទិសដៅយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន រួមមាន៖ ការរក្សាទំនាក់ទំនង ដោយរក្សាការប្រជុំ និងការផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់ រវាងថ្នាក់ដឹកនាំយុវជន, ការអភិវឌ្ឍធនធានមនុស្ស ដោយបន្តគាំទ្រ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាលយុវជនឱ្យក្លាយជាថ្នាក់ដឹកនាំវ័យក្មេងដែលមានសមត្ថភាព, ការផ្លាស់ប្តូរបទពិសោធលើវិស័យគន្លឹះ ដោយជំរុញកិច្ចសហការលើការសិក្សាស្រាវជ្រាវ ការអប់រំ វប្បធម៌ កីឡា សុខាភិបាល បច្ចេកវិទ្យា និងសហគ្រិនភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែន ដោយលើកទឹកចិត្ត ឱ្យយុវជនគណបក្សនៅតាមបណ្តាខេត្តជាប់ព្រំដែន បង្កើតកម្មវិធីរួមគ្នា ដើម្បីរួមចំណែកថែរក្សាសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៅតាមព្រំដែននៃប្រទេសទាំងពីរ៕
ដោយ៖វណ្ណលុក




