ស្ថានទូតអាម៉េរិក នឹងរៀបចំពិធីស្បថចូលកាន់តំណែង អ្នកស្ម័គ្រចិត្ត Peace Corps ជំនាន់ទី ១៨ នៅកម្ពុជា នាថ្ងៃសុក្រខាងមុខ
ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នឹងរៀបចំពិធីស្បថ ចូលកាន់តំណែងរបស់ក្រុមអ្នកស្ម័គ្រចិត្តអង្គការ Peace Corps ជំនាន់ទី ១៨ នៅថ្ងៃសុក្រទី ៩ ខែតុលា ឆ្នាំ ២០២៦ ខាងមុខចាប់ពីម៉ោង ៩ ដល់ ១១ព្រឹក នៅ សណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ នេះបើយោង តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកកាលពីថ្ងៃទី៦ ខែតុលា។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា លោកស្រី Aleks Zittle ភារធារីស្តីទីនៃស្ថានទូត អាម៉េរិក រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីនេះ។ ពិធីនាឆ្នាំនេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ យ៉ាងពិសេស ដោយសារការស្បថចូលកាន់តំណែង របស់អ្នកស្ម័គ្រចិត្ត Peace Corps លើពិភពលោកទី ២៥០ ០០០ នេះ ប្រព្រឹត្តទៅទន្ទឹមគ្នានឹងការប្រារព្ធខួប ២៥០ ឆ្នាំនៃការបង្កើតសហរដ្ឋអាម៉េរិក។
សេចក្តីប្រកាសព័ត៌មានបានរំលេចថា ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ ប្រជាជនអាម៉េរិកគ្រប់វ័យ និងគ្រប់ មជ្ឈដ្ឋាន បានចូលរួមបម្រើការងារក្នុងទីភ្នាក់ងារ Peace Corps នៅតាមប្រទេសចំនួន ១៤៤ ជុំវិញពិភពលោក ដោយបានកសាងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រជាជនអាម៉េរិក និងសហគមន៍ម្ចាស់ផ្ទះ។ ដោយឡែក ទីភ្នាក់ងារ Peace Corps បានស្វាគមន៍ក្រុមអ្នកស្ម័គ្រចិត្តជំនាន់ដំបូងរបស់ខ្លួនមកកាន់កម្ពុជាកាលពីឆ្នាំ ២០០៧។
សម្រាប់បេសកកម្មរយៈពេលពីរឆ្នាំខាងមុខនេះ ក្រុមអ្នកស្ម័គ្រចិត្តថ្មីទាំងអស់ នឹងចុះទៅរស់នៅជាមួយគ្រួសារប្រជាពលរដ្ឋកម្ពុជាតាមសហគមន៍ និងធ្វើការសហការជិតស្និទ្ធជាមួយគ្រូបង្រៀនក្នុងស្រុក ដើម្បីលើកកម្ពស់ការបង្រៀនភាសាអង់គ្លេស និងការគិតបែបស៊ីជម្រៅ សំដៅពង្រីកឱកាសសិក្សា និងវិជ្ជាជីវៈដល់យុវជននៅទូទាំងប្រទេស។ ទីភ្នាក់ងារ Peace Corps សម្តែងនូវមោទនភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងភាគីពាក់ព័ន្ធកម្ពុជា ដើម្បីពង្រឹងវិស័យអប់រំភាសាអង់គ្លេស និងរៀបចំយុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាពក្នុងការប្រកួតប្រជែងក្នុងសេដ្ឋកិច្ចសកល៕
ដោយ៖ ង៉ាន់ ទិត្យ

