រុស្ស៊ី វាយប្រហារឈុតធំលើរដ្ឋធានីកៀវ ខណៈពលរដ្ឋ អ៊ុយក្រែន ទៅជ្រកកោនក្នុងស្ថានីយរថភ្លើងក្រោមដី
កៀវ ៖ រុស្ស៊ី អះអាងនៅថ្ងៃពុធនេះថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារ «ទ្រង់ទ្រាយធំ» ទៅលើគោលដៅនានា ស្ថិតនៅក្នុងទីក្រុងកៀវ និងតំបន់ផ្សេងៗទៀតរបស់ប្រទេសរបស់អ៊ុយក្រែន។ ដើម្បីសុវត្ថិភាព, ប្រជាពលរដ្ឋអ៊ុយក្រែនបាននាំគ្នាទៅជ្រកកោន នៅក្នុងស្ថានីយរថភ្លើងក្រោមដី។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដែរថា ខ្លួនក៏បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅក្នុងតំបន់ Odesa ក៏ដូចជា កប៉ាល់សមុទ្រ ដែលត្រូវបានប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍របស់កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន ទៀតផង។
ជាមួយគ្នា, អភិបាលក្រុងកៀវ បាននិយាយថា ការវាយប្រហារដោយមីស៊ីលទៅលើរដ្ឋធានីរបស់អ៊ុយក្រែន នាព្រឹកថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្ស ពីរនាក់ ហើយជាការវាយប្រហារ ដែលកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelensky បានព្រមានជាមុន។
បើតាម AFP, រដ្ឋធានីមួយនេះបានរងការវាយប្រហារកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរដូវរងាកំពុងខិតជិតមកដល់ ដោយមានសំឡេងស៊ីរ៉ែន ព្រមានពីការវាយប្រហារតាមអាកាសបន្លឺឡើង ស្ទើរតែជាប់ជានិច្ច ដើម្បីជូនដំណឹងអំពីការវាយប្រហាររបស់រុស្ស៊ី។
ប្រជាពលរដ្ឋបាននាំគ្នាទៅជ្រកកោន នៅក្នុងស្ថានីយរថភ្លើងក្រោមដី តាំងពីព្រលឹមថ្ងៃពុធ ដោយយកតាមខ្លួននូវកាបូប កន្ទេល និង ភួយ បន្ទាប់ពីយោធាបានចេញការជូនដំណឹង សម្រាប់ទីក្រុងកៀវ និងតំបន់ផ្សេងទៀតនៃប្រទេស។
លោកស្រី Iryna Rybalchenko បុគ្គលិកធនាគារមួយរូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «ទីក្រុងកៀវទាំងមូលកំពុងស្ថិតក្នុងស្ថានភាពភ័យខ្លាច។ ថ្ងៃនេះ យើងជាប់នៅកន្លែងធ្វើការ ហើយគ្រប់គ្នា រួមទាំងក្រុមជជែកគ្នាលេង និង ថៅកែរបស់យើង សុទ្ធតែបានផ្ញើសារមកប្រាប់ឱ្យយើងប្រុងប្រយ័ត្ន»៕
ប្រភព ៖ Reuters _AFP ប្រែសម្រួល ៖ សារ៉ាត