ប្រុសស្រីពីរនាក់ ត្រូវចោរឆក់កាបូប បណ្តាលឲ្យដួលរងរបួសនៅខណ្ឌដង្កោ
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខិតជិតចូលមកដល់ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះឲ្យតែយប់ស្ងាត់ គឺតែងតែមានក្រុមសង្គមងងឹត ចេញរកស៊ីដូចជាលួច ឆក់ ប្លន់ជាដើម។ ជាក់ស្ដែងនៅវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០១៩ យុវជនប្រុសស្រី២នាក់ កំពុងជិះម៉ូតូឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទល់មុខបុរីសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រុមជនសង្ស័យ២នាក់ ជិះម៉ូតូ (មិនចាំម៉ាក )ឌុបគ្នា មកធ្វើសកម្មភាពឆក់កាបូបពីនារីដែលជិះពីក្រោយ តែមិនបានសម្រេច ធ្វើឲ្យដួលម៉ូតូបណ្ដាលឲ្យបុរសនារីទាំងពីរនាក់ រងរបួសរលោតដៃរលោតជើង ហើយជនសង្ស័យទាំងនោះបន្ថែមល្បឿន ជិះរត់គេចខ្លួនបាត់តែម្តង។ ជនរងគ្រោះទាំងពីរនាក់ មិនបានស្គាល់អត្តសញ្ញាណនោះទេ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរងគ្រោះទាំងពីរនាក់ បើកម៉ូតូធំមួយគ្រឿង ម៉ាក Duke 200Cc ពាក់ស្លាកលេខភ្នំពេញ 1CF-9980 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ (មិនចាំម៉ាក) ឌុបគ្នាមកបានធ្វើសកម្មភាព ឆក់កាបូបពីនារីរងគ្រោះដែលជិះខាងក្រោយ តែមិនបានសម្រេច ធ្វើឱ្យ ជនរងគ្រោះដួលរងរបួសទាំងពីរនាក់ ឃើញដូច្នេះ ជនសង្ស័យបាននាំគ្នាបន្ថែមល្បឿនម៉ូតូបើកគេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ ដោយសារជនរងគ្រោះទាំងពីរនាក់ មិនមានបាត់បង់អ្វី ទើបមិនចង់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ គ្រាន់តែសម្រាកមួយសន្ទុះហើយលើកម៉ូតូឌុបគ្នាជិះចេញពីកន្លែងកើតហេតុតែម្តង៕ម.ន