មេបញ្ជាការកងទ័ពជើងគោកកម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជា ទៅទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាម៉េរិក

តបតាមការអញ្ជើញរបស់មេបញ្ជាការបញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក នៃកងទ័ពសហរដ្ឋអាម៉េរិក អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គ្រោងនឹងដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាម៉េរិករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់១២ ខែមេសា ឆ្នាំ២០១៩។

ក្នុងដំណើរទស្សនកិច្ចនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវគេរាយការណ៍ថា គ្រោងនឹងចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក « PASOC 19 »។ នាឱកាសនោះផងដែរ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា គ្រោងនឹងជួបពិភាក្សាការងារជាមួយមេបញ្ជាការបញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិកនៃកងទ័ពសហរដ្ឋអាម៉េរិក ក្នុងគោលបំណងរឹតបណ្តឹងចំណងមិត្តភាព និងសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក។

ការបំពេញទស្សនកិច្ចរបស់បុត្រាសម្ដេចតេជោ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅពេលនេះ ត្រូវគេឃើញថា បានផ្ទុយទៅនឹងការបំភ្លៃព័ត៌មានរបស់ក្រុមប្រឆាំងនាពេលកន្លងមក ដែលឃោសនាថា សហរដ្ឋអាម៉េរិកបានដាក់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងបញ្ជីខ្មៅមិនឱ្យចូលសហរដ្ឋអាម៉េរិក។ ផ្ទុយទៅវិញ នៅក្នុងខែមេសានេះ រដ្ឋបាល និងកងទ័ពសហរដ្ឋអាម៉េរិក នៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងបានអញ្ជើញលោកឧត្តមសេនីយ៍ ទៅទស្សនកិច្ចផ្លូវការនោះថែមទៀតផង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner