សម្តេច ហ៊ុន សែន អះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា រាជរដ្ឋាភិបាលមិនខ្វះថវិកាសម្រាប់ដំណើរការជាប្រក្រតីនោះទេ ដោយសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២ ៥០០លានដុល្លារអាមេរិកឡើយ។ សម្តេចបានបញ្ជាក់ថា ការចំណាយ​លើ​ប្រាក់​បៀវត្សរ៍មន្ត្រីរាជការមានប្រមាណ ២៣០លានដុល្លារក្នុងមួយខែ ខណៈចំណូលរដ្ឋក្នុងរយៈពេល ៩ខែកន្លងទៅមានជាង ៥ពាន់លានដុល្លារ ឬជាមធ្យមប្រមាណពី ៥០០ ទៅ៦០០លានដុល្លារក្នុងមួយខែ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះលើបណ្តាញសង្គម ដើម្បីជាការឆ្លើយតបទៅ «ពួកបំផ្លាញជាតិ»នៅក្រៅប្រទេសមួយចំនួន ដែលរាល់ពេលមានការដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មី តែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។ សម្តេចតេជោលើកឡើងថា សម្តេចមិនគួរតមាត់ជាមួយជនទាំងនោះទេ ប៉ុន្តែមានភាពចាំបាច់ត្រូវពន្យល់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការភាន់ច្រឡំ។

ជាមួយគ្នានេះ សម្តេចបង្ហើបថា សម្តេចនឹងបង្ហោះសារសំឡេងអំពីកិច្ចប្រជុំមួយរបស់«ពួកបោកប្រាស់ក្រៅស្រុក» ដែល​បាន​យក​ប្រាក់​រៃ​អង្គាស​សម្រាប់ជួយជនភៀសសឹក ទៅ«ចិញ្ចឹម»បក្សនយោបាយមួយនៅក្នុងស្រុកទៅវិញ។ សម្តេចបាននិយាយបែបចំអកថា៖ «បើគង់តែ​រាជរដ្ឋាភិបាល​អស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំ ឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ»៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner