សម្ដេចធិបតី៖ ក្នុងសង្គ្រាមឈ្លានពាននិងទឹកជំនន់ កិច្ចការអាទិភាពគឺជួយជីវិតប្រជាជន

នៅក្នុងពិធី“ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច” នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ចំពោះបញ្ហាសង្រ្គាម និងទឹកជំនន់ កិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល គឺជួយសង្រ្គោះជីវិតប្រជាពលរដ្ឋជាមុនសិន។

សម្ដេចធិបតី សង្កត់ធ្ងន់ថា បន្ទាប់ពីសង្រ្គោះជីវិតប្រជាជនទៅកន្លែងមានសុវត្ថិភាព បញ្ចៀសគ្រោះថ្នាក់បញ្ហាប្រឈមដោយសារសង្រ្កាមឈ្លានពាន និងគ្រោះទឹកជំនន់ រដ្ឋាភិបាលក៏គិតគូរផ្ដល់អាហារហូបចុក សេវាសុខាភិបាល និងជម្រករបស់ប្រជាជនដែលរងផលប៉ះពាល់ផងដែរ។

បើតាមសម្ដេច ក្នុងចំណោមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បាត់ដំបងជាខេត្តមួយប្រឈមនឹងបញ្ហាធំៗជាច្រើនដែលមិនបានព្យាករទុកក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ បញ្ហាប្រឈម គឺរឿងសង្រ្គាមឈ្លានពាន និងទឹកជំនន់ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងប្រជាជន។

សូមបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់ថៃនៅឆ្នាំ២០២៥ បានប៉ះពាល់ទៅដល់ប្រជាពលរដ្ឋស៊ីវិលប្រមាណជិត ៧០ម៉ឺននាក់ ក្នុងនោះជនភៀសសឹកជាង ២ម៉ឺននាក់នៅមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញបាននៅឡើយ។

ចំណែកគ្រោះទឹកជំនន់វិញ យោងតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រជាពលរដ្ឋសរុបជាង ៤ម៉ឺន៤ពាន់គ្រួសារ ក្នុងខេត្តចំនួន១០ បានរងផលប៉ះពាល់ រួមទាំងដំណាំស្រូវ លំដ្ឋាន ផ្លូវថ្នល់ផងដែរ។

ទោះយ៉ាងណា សម្ដេចធិបតីបញ្ជាក់ថា នៅពេលបញ្ហាបានបញ្ចប់ កន្លែងខូចខាតនឹងត្រូវស្ដារអភិវឌ្ឍឡើងវិញ៕

សេង បារាំង AMS

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner