ការចុះពិនិត្យវឌ្ឍនភាពការជួសជុល សាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សួនរុក្ខជាតិឱសថបុរាណគិរីរម្យ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុល សាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សួនរុក្ខជាតិឱសថបុរាណគិរីរម្យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ ក្រុមការងារនៃនាយកដ្ឋានហិរញ្ញវត្ថុ ព្រមទាំងក្រុមវិស្វករ នៃក្រសួងសុខាភិបាល។
ជាលទ្ធផលនៃការចុះពិនិត្យ ឃើញថាការងារសាងសង់មានវឌ្ឍនភាពល្អ និងកំពុងដំណើរការយ៉ាងសកម្ម ដោយសន្ទុះនៃការអនុវត្តការងារ មានភាពលឿនជាងការគ្រោងទុក។ គិតមកដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ការងារសាងសង់សម្រេចបានប្រមាណ ៣០–៣៥% នៃផែនការសរុប ដែលបង្ហាញពីការខិតខំប្រឹងប្រែង របស់ក្រុមការងារបច្ចេកទេស និងក្រុមសាងសង់ ក្នុងការជំរុញការអនុវត្តគម្រោង ឱ្យមានវឌ្ឍនភាពជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាពការងារ ដែលសម្រេចបាន និងបានណែនាំដល់ក្រុមការងារពាក់ព័ន្ធ បន្តពង្រឹងការសម្របសម្រួល និងជំរុញការងារឱ្យបានតាមកាលវិភាគ។ ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះគុណភាពសំណង់ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគោលការណ៍សុវត្ថិភាព ដើម្បីធានាបាននូវភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង និងស័ក្តិសមទៅនឹងតួនាទីរបស់ទីតាំងនេះ។
ការជួសជុល សាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនរុក្ខជាតិ ឱសថបុរាណគិរីរម្យនេះ ត្រូវបានអនុវត្តក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយផ្តោតលើការរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានភាពសមស្រប សម្រាប់គាំទ្រដល់ការងាររបស់មជ្ឈមណ្ឌលជាតិ ស្រាវជ្រាវវេជ្ជសាស្ត្របុរាណ។
នៅពេលសម្រេចរួចរាល់ គម្រោងកែលម្អនេះនឹងចូលរួមបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃការអនុវត្តការងារ នៅសួនរុក្ខជាតិឱសថបុរាណគិរីរម្យ ជាពិសេសក្នុងការថែរក្សា អភិរក្ស និងសិក្សាស្រាវជ្រាវអំពីរុក្ខជាតិឱសថ ដែលមានសារៈសំខាន់សម្រាប់វិស័យវេជ្ជសាស្ត្របុរាណ។ ទន្ទឹមនឹងនេះ ក៏ជាការចូលរួមថែរក្សាចំណេះដឹង និងមរតក នៃការប្រើប្រាស់ឱសថបុរាណរបស់ប្រជាជនកម្ពុជា និងជំរុញការអភិវឌ្ឍការងារស្រាវជ្រាវឱសថបុរាណ ឱ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា គម្រោងនេះត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ហើយបច្ចុប្បន្នការងារកំពុងបន្តអនុវត្តទៅតាមដំណាក់កាល និងផែនការដែលបានកំណត់ ដោយមានការតាមដាន និងចុះពិនិត្យជាប្រចាំពីក្រុមការងារពាក់ព័ន្ធ ដើម្បីធានាឱ្យគម្រោងសម្រេចបានលទ្ធផលល្អប្រសើរ និងតាមគោលដៅដែលបានគ្រោងទុក។






