កម្ពុជាអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់»

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ក្រោមប្រធានបទ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់» ស្របពេលជាមួយការប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រ ​ postcode.gov.kh និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។​​
​
ឯកឧត្តម ឯក វណ្ណឌី គូសបញ្ជាក់ថា រៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែតុលា នៅលើពិភពលោក ប្រទេសជាសមាជិក តែងប្រារព្ធខួបអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ដើម្បីរំលឹកដល់ការបង្កើតសហភាពប្រៃសណីយ៍សកល (UPU) នៅឆ្នាំ១៨៧៤ ដើម្បីជាគ្រឹះសម្រាប់ទំនាក់ទំនងជាសកល។ ​

​ឯកឧត្តម ឯក វណ្ណឌី បន្ថែមថា ប្រធានបទឆ្នាំនេះ «បណ្តាញប្រៃសណីយ៍មួយ ឱកាសគ្មានដែនកំណត់» គឺនិយាយចំគោលដៅនៃការវិវត្តសម័យកាលបច្ចុប្បន្ន ដែលអាចបត់បែនបានទៅតាមតម្រូវការនៃថ្ងៃអនាគត។ ដើម្បីទាញយកឱកាសគ្មានដែនកំណត់ទាំងនេះ ឯកឧត្តម សង្កត់ធ្ងន់លើបន្តធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ កែសម្រួលក្របខណ្ឌបទប្បញ្ញត្តិ លើកកម្ពស់សមត្ថភាពរូបវន្ត និងបច្ចេកវិទ្យា ព្រមទាំងជំរុញភាពជាដៃគូសាធារណៈនិងឯកជនឱ្យបានរឹងមាំ។

​សម្រាប់ឯកឧត្តម​ ភាពរឹងមាំនៃបណ្តាញប្រៃសណីយ៍មិនស្ថិតនៅលើអគារ យានយន្ត ឬបច្ចេកវិទ្យាតែប៉ុណ្ណោះទេ តែវាស្ថិតនៅលើមនុស្ស ពោលគឺបុគ្គលិកប្រៃសណីយ៍ដែលជំនះរាល់ស្ថានភាពអាកាសធាតុ ដើម្បីចែកចាយសំបុត្រ, អ្នកតាក់តែងគោលនយោបាយបទដ្ឋានគតិយុត្តដែលតែងតែគិតដល់ការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់, ប្រតិបត្តិករដែលតែងមានភាពច្នៃប្រឌិត និងប្រជាពលរដ្ឋដែលផ្តល់ទំនុកចិត្តលើស្ថាប័នប្រៃសណីយ៍ជារៀងរាល់ថ្ងៃ។

ឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍ គូសបញ្ជាក់ថា ក្នុងនាមជាអ្នកបម្រើសេវា បុគ្គលិកប្រៃសណីយ៍បានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ មិនថាយប់ឬថ្ងៃ មិនថាមេឃស្រឡះ ឬភ្លៀង។ បុគ្គលិកប្រៃសណីយ៍បានចូលរួមចំណែកនៃការតភ្ជាប់សហគមន៍ទាំងក្រុងនិងជនបទ តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចនានា គាំទ្រដល់សកម្មភាពអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងសម្រួលដល់ការរីកចម្រើននៃពាណិជ្ជកម្មអេឡិចត្រូនិក។

គួរបញ្ជាក់ថា​ ដើម្បីចូលរួមអមអរសាទរព្រឹត្តិការណ៍នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តែងបានរៀបចំជាព្រឹត្តិការណ៍នានាជារៀងរាល់ឆ្នាំ។ នៅឆ្នាំនេះ ក្រសួងបានរៀបចំ និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលសំខាន់ៗមួយចំនួនដូចតទៅ ៖ ១. ការចេញផ្សាយតែមប្រិ៍ប្រៃសណីយ៍អបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ២០២៦ និងទី២ ២.ការដាក់ឱ្យសម្ពោធគេហទំព័រស្វែងរកព័ត៌មានលេខកូដប្រៃសណីយ៍ (Postal Code Searching Homepage)​ និងការ ៣. ការប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍ លើកទី១ ឆ្នាំ២០២៦ផងដែរ។​

ក្រោយការវាយតម្លៃដោយគណៈកម្មាធិការ ដែលមានសមាសភាពពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា អគ្គនាយកដ្ឋានប្រៃសណីយ៍ និងអគ្គនាយកដ្ឋានរដ្ឋបាល យើងជ្រើសរើសបានជ័យលាភីចំនួន ៣ ដូចខាងក្រោម៖ ១- ពានរង្វាន់ សាមគ្គីភាពជាតិ ទទួលបានមេដាយមួយ និងទឹកប្រាក់ ២លានរៀល ហើយគំនូរនឹងត្រូវបោះពុម្ពជាតែមប្រិ៍ប្រៃសណីយ៍, ២- ពានរង្វាន់ទេពកោលស្យសិល្បៈ ទទួលបានមេដាយមួយ និងទឹកប្រាក់ ២លានរៀល និង៣- ពានរង្វាន់ច្នៃប្រឌិត ទទួលបានមេដាយមួយ និងទឹកប្រាក់ ២លានរៀល៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner