អាមេរិក អ៊ុយក្រែន អឺរ៉ុប នឹងពិភាក្សាអំពី «គំនិតថ្មីៗ» ដើម្បីបញ្ចប់សង្គ្រាម នៅថ្ងៃនេះ
វ៉ាស៊ីនតោន ៖ ប្រភពព័ត៌មានអាមេរិកចំនួនពីរ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា តំណាងរបស់ប្រធានាធិបតី Donald Trump នឹងជួបជាមួយមន្ត្រីអ៊ុយក្រែន និង អឺរ៉ុប នៅទីក្រុង Miami សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពី «គំនិតថ្មីៗ» និង ស្វែងរកសំណើឯកភាពគ្នា សម្រាប់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បានបញ្ជាក់ពីការចរចានេះដែរ ពោលគឺបន្ទាប់ពីមានហេតុការណ៍ វាយប្រហារដោយរុស្ស៊ី ទៅលើរថយន្តក្រុងមួយគ្រឿង ដែលបានសម្លាប់មនុស្ស ៣០ នាក់ នៅក្នុងទីក្រុង Kramatorsk ដែលស្ថិតនៅជួរមុខនៃសមរភូមិ។ នេះគឺជាការវាយប្រហារដ៏សាហាវបំផុតមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
លោក Zelensky បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «ក្រុមចរចារបស់អ៊ុយក្រែនគ្រោងនឹងជួបជាមួយលោក Jared Kushner និង លោក Steve Witkoff រយៈពេលពីរថ្ងៃ។ យើងក៏រំពឹងថា ក្រុមតំណាងមកពីអឺរ៉ុបចូលរួមជាមួយក្រុមចរចារបស់យើងផងដែរ»។
លោក Zelensky បានបញ្ជាក់ថា ប្រធានការិយាល័យរបស់លោក គឺ លោក Kyrylo Budanov ព្រមទាំង មន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនមួយចំនួនទៀត រួមមានលោក Rustem Umerov, លោក Sergiy Kyslytsya និង លោក David Arakhamia នឹងចូលរួមក្នុងការចរចានោះ។
លោក Trump បាននិយាយ កាលពីដើមសប្តាហ៍នេះដែរថា លោកមានគម្រោងជជែកតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បើទោះបីជាការជជែកនោះ ត្រូវបានគេរំពឹងថា នឹងផ្តោតលើករណីមរណភាពរបស់អ្នកស្រាវជ្រាវម្នាក់នៅមន្ទីរពិសោធន៍សិក្សា អំពីជំងឺរាតត្បាតរបស់រុស្ស៊ីក៏ដោយ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត