កម្ពុជាជាប់លេខ១នៅអាស៊ាន និងលេខ១៧លើពិភពលោកជាប្រទេសមានទេសចរណ៍ធម្មជាតិស្អាតបំផុត
កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងចំណាត់ថ្នាក់ទី១៧ លើសកលលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ស្អាតបំផុត តាមការវាយតម្លៃកម្រិតសកលចុងក្រោយរបស់ស្ថាប័នស្រាវជ្រាវ និងទស្សនាវដ្តីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក US News & World Report។
ក្រសួងបរិស្ថានបានបញ្ជាក់នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងឱកាសដែលកម្ពុជាទទួលបានចំណាត់ថ្នាក់ខាងលើនេះ តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថា ភាពជោគជ័យជាប្រវត្តិសាស្ត្រនេះ គឺជាមោទកភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និងប្រទេសជាតិទាំងមូល នៅលើឆាកអន្តរជាតិជាថ្មីបន្ថែមទៀត បន្ទាប់ពីកម្ពុជាត្រូវបានចាត់ថ្នាក់ ជាប្រទេសដែលមាន «បរិស្ថានធម្មជាតិល្អបំផុត»។ ជាងនេះទៅទៀត កម្ពុជាមាន «និរន្តរភាពដីធ្លី និងធនធានធម្មជាតិ» ឈរនៅលេខរៀងទី១លើពិភពលោក និងក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២៦ យោងតាមរបាយការណ៍ស្ទង់មតិ និងចំណាត់ថ្នាក់សកលរបស់ US News & World Report។
សម្រាប់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជោគជ័យថ្មីបន្ថែមទៀតនេះបានឆ្លុះបញ្ជាំងពីសមិទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីមរតកនៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំកសាងខឿនសន្តិភាព ស្ថិរភាពនយោបាយ និងការអភិរក្សធនធានធម្មជាតិរហូតមក។
ជាមួយគ្នានេះ ភាពជោគជ័យនេះក៏បានឆ្លុះបញ្ចាំង ពីការបន្តដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយនាពេលបច្ចុប្បន្នរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជំរុញគោលនយោបាយសេដ្ឋកិច្ចបៃតង ការពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពសហគមន៍ តាមរយៈជំរុញការអភិវឌ្ឍគោលដៅលម្ហែបៃតង លើកកម្ពស់ប្រជាពលរដ្ឋ និងធានាចីរភាពបរិស្ថាននៅតាមតំបន់ការពារធម្មជាតិផងដែរ៕




សេង បារាំង